សភារាជ G M News
នៅថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះដោយសារជារៀងរាល់ឆ្នាំ តាមរយៈការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងទេសចរណ៍ និងយោធភូមិភាគទី៤ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ តែងតែនាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ប្រគល់ជូនដល់នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន នៃយោធភូមិភាគទី៤។ នៅឆ្នាំនេះ ដោយស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ប្រគល់ជូនដល់នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន នៃយោធភូមិភាគទី៤។
ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ. ២៥៧០ នឹងមកដល់នាពេលខាងមុខនេះ។
ការប្រគល់អំណោយនេះ ដោយមានការអញ្ជើញចូលរួមទទួលពីឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរងយោធភូមិភាគទី៤ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សរុបប្រមាណ ៣០រូប។
សូមជម្រាបថាៈ អំណោយដ៏ថ្លៃថ្លាខាងលើ រួមមាន អង្ករចំនួន ៥តោន មីចំនួន ៥០០កេស ទឹកបរិសុទ្ធចំនួន ១០០០កេសយួរ ទឹកត្រីចំនួន ១៥០យួរ ទឹកស៊ីអ៊ីវចំនួន ១៥០យួរ ត្រីខចំនួន ១០កេស នំ ៩០០ចំនួន ១៨កេស ខ្ទឹមសចំនួន ២បេ ថ្នាំពេទ្យជាច្រើនមុខ និងថវិកាមួយចំនួន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម “រាក្យសាទេវី” សូមប្រសិទ្ធពរជ័យ សិរិសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់ថ្នាក់ដឹកនាំ និងបងៗកងកម្លាំងប្រដាប់អាវុធទាំងអស់ ព្រមទាំងក្រុមគ្រួសារ សមប្រកបដោយពុទ្ធពរ ៥ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។





