ស្នងការនគរបាលខេត្តរតនគិរីតាមប្រមាញ់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងរត់គេចខ្លួនឲ្យទទួលខុសត្រូវមុខច្បាប់

 ខេត្តរតនគិរី ៖ ស្នងការរដ្ឋាននគរបាលខេត្តរតនគិរី ធ្វើការស្រាវជ្រាវ រកជនបង្កឈ្មោះ រចំ បា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចារាយ មានលំនៅភូមិ សោមមត្រក់ថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលរត់គេចខ្លួន បន្ទាប់ពីបង្កគ្រោះគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លា.ប់ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មិនទាន់បានយកមកផ្ដន្ទាទោសផង ស្រាប់តែពេលថ្មីៗ នេះ មានការចេញផ្សាយ ដោយម្ដាយជនរងគ្រោះចោទប្រកាន់ថា សមត្ថកិច្ចមិនមានឆន្ទៈ ក្នុងការឃាត់ខ្លួនជនបង្ក យកមកទទួលខុសត្រូវមុខច្បាប់។

ជុំវិញការចោទប្រកាន់ខាងលើនេះ លោក ចៅ នាង ស្នងការង និងជាអ្នកនាំពាក្យស្នងការរដ្ឋាន នគរបាលខេត្តរតនគិរី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកអូយ៉ាដាវ បង្កដោយគោយន្តកែច្នៃ បណ្ដាលអោយអ្នកគ្រូបង្រៀនម្នាក់ និងក្មេងស្រីម្នាក់ស្លា.ប់ កាលពីអំឡុង ខែមីនា ឆ្នាំ២០២៥ ពិតជាមានពិតប្រាកដមែន ក្រោយពីកើតហេតុអ្នកបើកបរ គោយន្តកែច្នៃ បង្កហេតុ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែគោយន្តនៅកន្លែងកើតហេតុ។ លោកបានបន្តថា ក្នុងករណីនេះដែរ ជំនាញចរាចរណ៍ជើងគោក នៃស្នងការរដ្ឋាន នគរបាលខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ហើយសាលាដំបូងខេត្តរតនគិរី ក៏បានចេញដីកាបង្គាប់អោយនាំខ្លួន អ្នកបើកបរគោយន្ត កែច្នៃយយកមកផ្ដន្ទាទោស។ ក៏ប៉ុន្តែរយៈពេល ៧ខែកន្លងមកនេះ ក្រោមការបញ្ជាផ្ទាល់ពីលោឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់​ ដល់កម្លាំងការិយាល័យជំនាញ​ និងអធិការនគរបាលក្រុងស្រុក​ កម្លាំងតាមបណ្ដាប៉ុស្ដិ៍ ក្នុងខេត្តរតនគិរី អោយស្វែងរកឃាត់ខ្លួនជនល្មើស អោយខានតែបាន យកមកផ្ដន្ទាទោស លោកមិនបានទុកជនល្មើសអោយនៅក្រៅច្បាប់ឡើយ។ អ្នកនាំពាក្យបានបន្ថែមថា ធម្មតាក្រុមគ្រួសារ ឬ អ្នកម្ដាយ ដែលបាត់បង់កូនជាទីស្រលាញ់ គាត់មានអារម្មអន្ទះសារ ដោយចំណាត់ការមានរយៈពេលយូរ ដូច្នេះគាត់ចោទប្រកាន់តាមអារម្មរបស់គាត់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ហេតុការគ្រោះថ្នាក់ចរាចរណ៍ននេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បង្កឡើងដោយគោយន្តកែច្នៃមួយគ្រឿង បើកបរមានល្បឿនលឿន មិនមានការប្រុងប្រយ័ត្ន ទៅម៉ូតូ ២គ្រឿង នៅខាងមុខ ដែលកំពង់ស្របទិសគ្នា បុករះ ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ស្រាលមនុស្សចំនួន៤នាក់ និង២នាក់ទៀតបានបាត់បង់ជីវិត។ ចំណែកអ្នកបើកបរគោយន្ត រត់គេចខ្លួនបាត់។

ជុំវិញករណីនេះដែរលោកស្នងការក៏បានអំពាវនាវដល់ពលរដ្ឋល្អ ដែលស្គាល់ជនបង្ក ឬប្រទះឃើញជនបង្កខាងលើមេត្តាផ្ដល់ព័ត៌មានមកសមត្ថកិច្ច សម្ថកិច្ចលាក់មិនបង្ហាញអត្តសញ្ញានអ្នករាយការណ៍នោះទេ​ លោកនឹងផ្ដល់ជាប្រាក់រង្វាន់ចំនួន ២លានរៀលផងដែរ៕











Previous Post Next Post