ប្រទេសតួកគីយ៉េ នឹងបន្តកិច្ចសហការ និងគាំទ្រចំពោះក្រសួងព័ត៌មាន សំដៅជំរុញអភិវឌ្ឍ និងលើកស្ទួយទំនាក់ទំនង និងដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ

នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០២៦នេះ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ​ដើម្បីសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងសម្តែងនូវអំណរគុណចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហការនាពេលកន្លងមកជាមួយនឹងក្រសួងព័ត៌មាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការលើកស្ទួយទំនាក់ទំនងក្នុងវិស័យព័ត៌មាន តាមរយៈការចុះកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ជាមួយទីភ្នាក់ងារសារការព័ត៌មានតួកគី Anadolu Ajansi (AA) និងការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មានកម្ពុជា ជាមួយនាយកដ្ឋានទំនាក់ទំនងរបស់ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ កាលពី ឆ្នាំ២០២៤។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីការគាំទ្រសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) ដែលបានផ្តួចផ្តើមរួមគ្នារៀបចំឱ្យមានវគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល» កាលពីឆ្នាំ២០២៥កន្លងទៅ។

លោកជំទាវឯកអគ្គរាជទូតតួកគីយ៉េ បានកត់សម្គាល់ និងថ្លែងនូវការកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងផ្តល់នូវព័ត៌មានពិតជូនប្រជាពលរដ្ឋ។

លោកជំទាវបានបន្ថែមទៀតថា ប្រទេសតួកគីយ៉េនឹងបន្តកិច្ចសហការ និងគាំទ្រចំពោះក្រសួងព័ត៌មាន សំដៅជំរុញអភិវឌ្ឍ និងលើកស្ទួយទំនាក់ទំនង និងដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យ ក្នុងបេសកកម្មនានានៅពេលខាងមុខបន្ដទៀត។ ប្រភព ផេកក្រសួងព័ត៌មាន







Previous Post Next Post