ក្រសួងព័ត៌មានបានអំពាវនាវឱ្យសាធារណជនទាំងអស់ចូលរួមបង្កើត «វប្បធម៌ ព័ត៌មានទទួលខុសត្រូវ» តាមសកម្មភាព កុំចែករំលែកព័ត៌មានដែលមិនប្រាកដ កុំឱ្យព័ត៌មានក្លែងក្លាយបំផ្លាញមុខមាត់ និងសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែចូលរួមផ្សព្វផ្សាយភាពពិត និង ភាពស្រស់ស្អាត សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ប្រទេសយើង។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងពេលក្រសួងព័ត៌មាននិងក្រសួងទេសចរណ៍កាលពីថ្ងៃទី៣១មីនាឆ្នាំ២០២៦ បានសហការ រៀបចំពិធីផ្សព្វផ្សាយពី «ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែល មានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងដើម្បី លើកកម្ពស់យុទ្ធនាការជំរុញទេសចរណ៍ តាមរយៈយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ។
ក្រសួងព័ត៌មានបានបញ្ជាក់ពីតួនាទីក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ដោយ ការពារបរិយាកាសព័ត៌មានឱ្យស្អាតស្អំ ដើម្បីសន្តិភាព និងស្ថិរភាពសង្គមកម្ពុជានិង ការជំរុញការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីកសាងទំនុកចិត្តអន្តរជាតិ ក៏ដូចជាទាក់ទាញការ វិនិយោគនិងទេសចរណ៍មកកម្ពុជា។ ការលើកកម្ពស់ការទូតព័ត៌មានតាមរយៈប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋម្នាក់ដើរតួនាទីជា អ្នកទទួលព័ត៌មាន និងជាអ្នកផ្សព្វផ្សាយព័ត៌មានម្នាក់។ ទន្ទឹមនេះក្រសួងព័ត៌មានបានលើកអំពីការបំលែងសកម្មភាពប្រឆាំងព័ត៌មានក្លែងក្លាយ ទៅជាយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់ពិភពលោក អំពីវប្បធម៌ អរិយធម៌ដ៏អស្ចារ្យ និងសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដែលជាកម្លាំងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគ។
កិច្ចសហការរបស់ក្រសួងព័ត៌មាននិងក្រសួងទេសចរណ៍នេះបានធ្វើឡើង ខណៈស្ថានភាពបច្ចុប្បន្ននៃ ដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ ពិភពលោកកំពុងវឹកវរដោយសារសង្គ្រាមនៅមជ្ឍិមបូព៌ារួមជាមួយការវាយលុករបស់ព័ត៌មានក្លែងក្លាយដែលបានធ្វើឲ្យវិស័យទេសចរណ៍ទទួលរងគ្រោះ ដោយក្រសួងទេសចរណ៍បានរាយការណ៍ថា
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,៥លាននាក់ កាលពីឆ្នាំ២០២៥ពោលគឺថយចុះប្រមាណ ១៦,៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤។
សូមបញ្ជាក់ថាកិច្ចសហការរបស់ក្រសួងទេសចរណ៍ជាមួយក្រសួងព័ត៌មាននេះ គឺជាយុទ្ធនាការមួយនៅក្នុងចំណោមយុទ្ធនាការចំនួន៤នៃផែនការដើម្បីកំណើនភ្ញៀវទេសចររបស់
ក្រសួងទេសចរណ៍ដែលរួមមាន ទី ១គឺ យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ពីខែឧសភា ដល់ ខែតុលា, ទី២គឺ គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល ៤ខែ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ទី ៣គឺ យុទ្ធនាការរដូវកាលសាមគ្គីភាព និងទី៤គឺការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយបណ្តាញសារព័ត៌មានកម្ពុជា ក៏ដូចជាសារព័ត៌មានបរទេសដើម្បីចូលរួមផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយ។
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍កាលពីថ្ងៃទី២មេសាឆ្នាំ២០២៦ បានប៉ាន់ប្រមាណថា រយៈពេល៣ខែដើមឆ្នាំ២០២៦នេះ កម្ពុជាអាចទទួលបានភ្ញៀវទេសចរបរទេសមួយលាននាក់៕
អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)
