(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីកាក្រសួង បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង (kick-off meeting) ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ និងកិច្ចប្រជុំការងារពាក់ព័ន្ធ ក្រោមក្របខ័ណ្ឌគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅព្រះរាជាណាចក្រកម្ពុជា (Cambodia Cross-border Connectivity Enhancement Project, ហៅកាត់ថា 3CEP ) ក្នុងបេសកកម្មរៀបចំគម្រោង 3CEP លើកទី៥ របស់ក្រុមជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មកកាន់កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ប្រធានគ្រប់គ្រងគម្រោង ថ្នាក់ដឹកនាំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពាក់ព័ន្ធទាំង៤ (ខេត្តតាកែវ រតនគិរី ក្រចេះ និងត្បូងឃ្មុំ) និងមន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកក្នុងការអនុវត្តគម្រោង ព្រមទាំងតំណាងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV ផងដែរ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សាវឌ្ឍនភាពការងារដែលបានដាក់ចេញកាលពីបេសកកម្មរៀបចំគម្រោង 3CEP លើកទី៤ (ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ) និងពិភាក្សាលម្អិតលើផែនការសកម្មភាពដែលត្រូវអនុវត្តបន្តក្នុងគម្រោង បន្ទាប់ពីជ្រើសរើសបាននូវក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្នុងទិសដៅពន្លឿនការរៀបចំគម្រោង 3CEP ឱ្យសម្រេចបាននូវការសិក្សាសមិទ្ធិលទ្ធភាព(FS) និងរៀបចំគំនូសប្លង់វិស្វកម្មលម្អិត(Detailed Engineering Designs–DEDs) តាមផែនការគ្រោងទុក។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវនាយកគម្រោងបានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃអង្គភាព PMU-3CEP តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំង៤ ដែលបានសហការធ្វើការងារជាមួយគ្នាកន្លងមក រហូតទទួលបានផ្លែផ្កានាថ្ងៃនេះ ព្រមទាំងបានផ្ដាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំង៤ បន្តផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់សម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV ក្នុងកំឡុងពេល ១៨ខែ នៃការចុះសិក្សា FS និងគូសគំនូសប្លង់ DEDs នេះ។
សូមបញ្ជាក់ជូនបន្ថែមថា៖ គម្រោង 3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ ជាពិសេស គម្រោងនេះក៏នឹងជម្រុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយនិងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិនិងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ៖ ១). កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS) ២). កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម ៣). ចូលរួមចំណែក អនុវត្តផែនការមេ អភិវឌ្ឍតំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥) និង ៤). អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកកម្ពុជា ផងដែរ។







