នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមជំនួបប្រាស្រ័យមិត្តភាព ការពារព្រំដែន ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម លើកទី២ ។
នៅក្នុងឱកាសអញ្ជើញដល់ច្រកព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ បង្គោលព្រំដែនលេខ១៧១ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិទាំងពីរ កម្ពុជា វៀតណាម បានអញ្ជើញដាំដើមឈើមិត្តភាព និង ស្រោចទឹក ព្រមទាំងបានបើកស្បៃក្រហម គ្របផ្ទាំងសិលាចារឹកដើមឈើមិត្តភាពផងដែរ ។
នៅក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានទៅធ្វើទស្សនកិច្ចទីតាំងសំខាន់ៗចំនួន ៤ នៅទឹកដីខេត្តតៃនិញ ប្រទេសវៀតណាម មានដូចជា÷
.ទីតាំងទី១ លំហាត់សុខាភិបាលរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-វៀតណាម ។
.ទីតាំងទី២ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានទៅធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាបេនកូវ នៅក្នុងឱកាសនោះគណៈប្រតិភូក្រសួងការពារជាតិ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា
ព្រមទាំងគណៈប្រតិភូ ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធអគារសិក្សា នៅសាលាបឋមសិក្សាបេនកូវ ផងដែរ។
.ទីតាំងទី៣ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានបន្តដំណើរទៅទស្សនាតំបន់ភូមិប្រជាជនចងសម្ព័ន្ធមេត្រីភាពគ្នាតាមព្រំដែន ស្ថិតក្នុងភូមិឡុងគឿង ឃុំឡុចចួន ខេត្តតៃនិញ ប្រទេសវៀតណាម។
.ទីតាំងទី៤ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានអញ្ជើញបន្តដំណើរទៅទស្សនកិច្ចនៅកងពលធំលេខ៥ យោធភូមិភាគទី៧ ក្នុងខេត្តតៃនិញ ប្រទេសវៀតណាម ។ នៅក្នុងដំណើរទស្សនកិច្ច រដ្ឋមន្ត្រីប្រទេសទាំងពីរ បានទស្សនាសារមន្ទីរប្រពៃណីរបស់កងពលធំលេខ៥ យោធភូមិភាគទី៧ បន្ទាប់មករដ្ឋមន្ត្រីប្រទេសទាំងពីរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមរបៀបវារៈដែលបានគ្រោងទុក ព្រមទាំងអញ្ជើញចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៦ , កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារព្រំដែន , អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ។
គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងអស់នេះ បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែកក្នុងការកសាងតំបន់ព្រំដែនរឹងមាំ សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍យូរអង្វែង។


.jpg)

.jpg)
.jpg)
.jpg)
