ភ្នំពេញ៖ បុរាណដ្ឋានជាកន្លែងចុះបញ្ជីបេតិកភណ្ឌកន្លងមកតែងមានសំណង់មិនរៀបរយជាច្រើន នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ផង និងជីវភាពរបស់ពលរដ្ឋផង។ ហេតុនេះ ពេលនេះ ជាពេលវេលាល្អសម្រាប់ស្ថាប័នទាំង៣ សហការគ្នាដើម្បីធ្វើការកំណត់អត្តសញ្ញាណបុរាណដ្ឋានដោយផ្អែកទៅលើទិន្នន័យក៏ដូចជាការចង្អុលបង្ហាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីបេតិកភណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ក៏ដូចជាក្នុងតំបន់អង្គរ ខេត្តសៀមរាបដោយប្រើប្រាស់គោលការណ៍ជាក់ស្ដែងនិងមានភាពបត់បែន ក្នុងគោលដៅបង្កើតគោលការណ៍រួមសម្រាប់សង្គមជាតិដើម្បីដោះស្រាយបញ្ហាសំណង់មិនរៀបរយនិងជួយឱ្យប្រជាពលរដ្ឋមានលំនៅដ្ឋានរស់នៅសមរម្យនិងមានជីវភាពល្អប្រសើរ។
ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានលើកឡើងពាក់ព័ន្ធនឹងការងារដូចជា ទី១-ការចុះបញ្ជីដីបុរាណដ្ឋាននៅតាមបណ្ដារាជធានី-ខេត្តទាំង ២៥ ទី២- បញ្ហាពាក់ព័ន្ធនឹងការសាងសង់ដែលចាត់ទុកថាជាសំណង់ខុសច្បាប់នៅតំបន់អង្គរ ទី៣- ឯកសារដែលគួរផ្ញើទៅ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក WHC (World Heritage Committee) នាពេលខាងមុខដើម្បីពិភាក្សា និងឯកភាពយោគយល់ពាក់ព័ន្ធតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ, ទី៤-បញ្ហាពាក់ព័ន្ធដីធ្លីរវាងប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរានៅតំបន់បុរីសណ្ឋាគារអង្គរ ក្រុងសៀមរាប និងបញ្ហាផ្សេងៗ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ការជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា គឺដើម្បីផ្លាស់ប្ដូរមតិយោបល់ប្រមូលធាតុចូល ស្វែងរកការឯកភាពរួមគ្នាលើករណីមួយចំនួន និងសម្រេចជាគោលការណ៍រួមដើម្បីអាចយកទៅអនុវត្តបានប្រកបដោយភាពជាក់លាក់ ឈានទៅកំណត់ទីតាំងបុរាណដ្ឋានទាំងអស់នៅទូទាំងប្រទេសនិងត្រូវសម្រេចអំពីការកំណត់ការចុះបញ្ជីដីបុរាណដ្ឋានដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីបេតិកភណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា ដោយប្រជុំពិនិត្យពិភាក្សាផ្អែកលើករណីសំណើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕




