(ខេត្តកណ្ដាល)៖ ម៉ូតូចំនួន ៨០គ្រឿង ត្រូវបានផ្ដល់ជូនដល់សិស្សដែលប្រឡងជាប់និទ្ទេស A សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ដែលរៀបចំពិធីជួបសំណេះសំណាលរបស់រដ្ឋបាលខេត្តកណ្តាល ដោយមានការអញ្ចើញចូលរួម ពីឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ។
សូមជម្រាបថាៈ នៅក្នុងអង្កពិធីជួបសំណេះសំណាលជាមួយសិស្សដែលប្រឡងជាប់និទ្ទេស(អេ-A) ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សូមចូលរួមអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបាននូវលទ្ធផលដ៏ធំធេងក្នុងការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាមួយនឹងនិទ្ទេស(អេ A) ជាភាពជោគជ័យសម្រាបក្មួយៗនេះតែម្តង និងជាមោទនភាពរបស់ក្មួយៗផ្ទាល់ខ្លួន។ ប៉ុន្តែវាក៏ជាមោទនភាពសម្រាប់ លោកគ្រូ អ្នកគ្រូ សាលារៀន និងសង្គមជាតិយើងទាំងមូលផងដែរ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ ដែលទទួលបាននិទ្ទេស(អេ-A)សូមបន្តខិតខំប្រឹងប្រែងសិក្សានៅសាកលវិទ្យាល័យ និងការបំពេញការងារ នាពេលអនាគត និងត្រូវចេះជ្រើសរើសជំនាញដែលក្មួយៗស្រឡាញ់ពិតប្រាកដ មិនមែនជ្រើសរើសតាមមិត្តភក្តិ ឬតាមការពេញនិយមក្នុងបណ្តាញសង្គមនោះទេ។ ហើយត្រូវចេះរៀនដោយខ្លួនឯង តាមរយៈការសិក្សា ឈ្វេងយល់ វិភាគ ជាជាងការស្តាប់គ្រូតែមួយមុខ ពីព្រោះជំនាញនីមួយៗមានការវិវត្តន៍លឿន ជាពិសេសក្នុងបរិបទសង្គមបច្ចុប្បន្ន ក្នុងឧស្សាហកម្ម ៤.០ និងបរិវត្តកម្ម AI ។ ត្រូវចេះអភិវឌ្ឍជំនាញទំនាក់ទំនង ជំនាញត្រិះរិះពិចារណា ធ្វើការជាក្រុម ការចូលរួមសកម្មភាពសង្គម និងការងារស្ម័គ្រចិត្តនានា។
ក្នុងឱកាសនេះដែរ លោក ឃឹម សំភា អភិបាល នៃអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានមានប្រសាសន៍ឱ្យដឹងថាៈ នៅឆ្នាំសិក្សា២០២៤-២០២៥ ក្រុងតាខ្មៅ មានវិទ្យាល័យ ចំនួន០៨ ក្នុងនោះវិទ្យាល័យចំណេះទូទៅរដ្ឋ ចំនួន០៤ និងសាលាចំណេះទូទៅឯកជនចំនួន០៤សាលា មានសិស្សថ្នាក់ទី១២ បេក្ខជនចុះឈ្មោះប្រឡងមានចំនួន១.៩០០នាក់ បេក្ខជនមកប្រឡងមានចំនួន ១.៨៩៩នាក់។ លទ្ធផលប្រឡងជាប់ ១.៥៧៩នាក់ ស្មើនឹង៨៣,១៥% កើន ៤,៤១% ធៀបនឹងឆ្នាំ២០២៤
• និទ្ទេស A ៨០ នាក់ (ស្រី ៥៦នាក់)
• និទ្ទេស B ១៨០នាក់(ស្រី ១២០នាក់)
• និទ្ទេស C ៣៦៨ នាក់(ស្រី ២៣២នាក់)
• និទ្ទេស D ៥២៦នាក់ (ស្រី ៣០៦នាក់)
• និទ្ទេស E ៤២៥នាក់(ស្រី ២១៤នាក់) ។









