(រាជធានីភ្នំពេញ)៖ ល្ងាចថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៨ ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ ត្រូវតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះ BT2 ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចភក្តី សាយ ឈុំ ឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាប់បានទៅចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។




