(ខេត្តកណ្តាល)៖ នៅថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុក មន្ទីរអង្កភាពពាក់ព័ន្ធ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ជាច្រើនរូប។
សូមជម្រាបថាៈ នៅក្នុងពិធីនេះឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថាៈ ការជួបសំណេះសំណាលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ពិធីសំណេះសំណាលនេះ ជាការលើកទឹកចិត្ត ប្រកបដោយភាពកក់ក្តៅ ចំពោះមន្ត្រីកសិកម្មទូទាំងខេត្ត និងជាសក្ខីភាព នៃការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី។ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងធ្វើទំនើបកម្មវិស័យកសិកម្ម ឲ្យកាន់តែមានភាពប្រកួតប្រជែង មានបរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដើម្បីចូលរួម ចំណែកសម្រេចចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួច របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តចាត់ទុក វិស័យកសិកម្មជាវិស័យអាទិភាពមួយ និងជាវិស័យស្នូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដោយបានកំណត់ការលើកស្ទួយកសិកម្ម ជាមុំទី៣ នៃបញ្ចកោណទី៤ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងបានដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពទី៥ និងទី៦ ផ្តោតលើការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃ កសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាមេរិក និងការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ-សង្កាត់ សម្រាបការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ឆ្ពោះសម្រេចឲ្យបាន គោលនយោបាយសាមញ្ញ ៤ចំណុច គឺមានហូប មានប្រើ មានបាន និងមានរហូត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ខេត្តកណ្តាលមានផលិតផលក្នុងស្រុកសរុប ៣៤១១ លានដុល្លារ ដែលវិស័យកសិកម្មចូលរួមចំណែករហូតដល់ទៅ ៣៧% ខ្ពស់ជាងវិស័យឧស្សាហកម្ម ដែលបានចូលរួមចំណែក ៣៦% និងវិស័យសេវាកម្ម ២៧% ។ ទន្ទឹមនឹងនេះ ខេត្តកណ្តាលបានទទួលមន្ត្រីបច្ចេកទេសកសិកម្មឃុំ-សង្កាត់ចំនួន ៧១ នាក់ ដើម្បីបម្រើការងារនៅឃុំ-សង្កាត់ចំនួន ១១ និងមានសហគមន៍កសិកម្មទំនើបចំនួន ១ ក្នុងចំណោម សហគមន៍កសិកម្មទំនើបចំនួន១៦ ទូទាំងប្រទេស គឺសហគមន៍កសិកម្មទំនើបបន្លែ សុវត្ថិភាពកោះខ្សាច់ទន្លានៅភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ដែលមានសមាជិកសហគមន៍ ១០៤ គ្រួសារ និងផ្ទៃដីផលិតកម្មប្រហែល ២៥ហិកតា។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បន្ថែមថាៈ ទាក់ទងនឹងតួនាទីភារកិច្ច មន្ត្រីកសិកម្មឃុំ-សង្កាត់ ត្រូវខិតខំរួមចំណែកក្នុងការសម្រេចបាននូវគោលនយោបាយសាមញ្ញ ៤ ចំណុចដូចខាងលើនេះ គឺតាមរយៈការចូលរួមដោះស្រាយបញ្ហារបស់ប្រជាកសិករ ការផ្តល់បច្ចេកទេសផលិតកម្ម ការពង្រឹងខ្សែច្រវាក់តម្លៃ ពីដេីមទី ដល់ចុងទី ការជំរុញការធ្វេីពូជដំណាំកសិកម្ម និងការជំរុញផ្សព្វផ្សាយការចងក្រងជាសហគមន៍កសិកម្មទំនេីប ដែលអាចឱ្យក្រសួងកសិកម្ម មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលបានទុនកម្ចី ធ្វេីផលិតកម្មតាមកិច្ចសន្យា ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងលេីកកម្ពស់ជីវភាពប្រជាកសិករក្នុងសមាគមន៍និមួយៗផងដែរ។









