(ភ្នំពេញ)៖ កាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២៦កន្លងទៅនេះ ក្រុមការងារអន្តរាគមន៍ពិសេស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកប្រតិបត្តិការចុះឆែកឆេរត្រួតពិនិត្យអនុលោមទំនិញក្នុងឃ្លាំងស្តុកទំនិញឆ្លងដែនធំៗចំនួន៣ទីតាំងនៅច្រកទ្វារអន្តរជាតិភ្នំឌិន និងករណីដាច់ដោយឡែកមួយទៀត គឺមន្ត្រីគយចល័តតំបន់២ បានឃាត់ចាប់រថយន្តទួរីសកែច្នៃដឹកទំនិញលើផ្លូវជាតិលេខ២បានចំនួន១២គ្រឿងបន្ថែមទៀតកាលពីថ្ងៃទី១៩ឧសភាឆ្នាំ២០២៦ទៅនេះ។
សូមជម្រាបថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារអន្តរាគមន៍ពិសេស បានរកឃើញទំនិញជាច្រើនមុខខុសប្រក្រតី មានទំនិញបង់ពន្ធមិនគ្រប់ និងជាពិសេសប្រេងគេចពន្ធជាង២០០ធុងគ្មានពន្ធនាំចូលត្រឹមត្រូវឡើយ។ នៅក្នុងប្រតិបត្តិនោះផងដែរ ក្រុមការងារអន្តរគមន៍ពិសេសនៃអគ្គនាយកដ្ឋានគយ បានចុះឆែកឆេរឃ្លាំងស្តុកទំនិញចំនួន៣ របស់មេឈ្មួយដុះស្លែប្រចាំច្រកទ្វារអន្តរជាតិព្រំដែនភ្នំឌិនរួមមាន។ ទី១÷ឃ្លាំងស្តុកទំនិញគេចពន្ធរបស់លោកវរសេនីយ៍ឯក ជ្រិន ឆាយ មានតួនាទីជាអនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែន ជាអ្នកនាំទំនិញឆ្លងដែនល្បីឈ្មោះខ្លាំងជាងគេ។ ទី÷២ ឃ្លាំងស្តុកទំនិញរបស់មេឈ្មួញដុះស្លែគេចពន្ធឆ្លងដែនឈ្មោះ យាយ ផៃ នៅភូមិព្រៃតាម៉ៅ។ ទី÷៣ឃ្លាំងស្តុកទំនិញរបស់មេឈ្មួញគេចពន្ធឆ្លងដែនម្នាក់ទៀតឈ្មោះ ចាន់ រ៉ា នៅក្នុងភូមិព្រៃតាម៉ៅ ក្បែរច្រកទ្វារព្រំដែនភ្នំឌិន។
ក្រោយចុះត្រួតពិនិត្យអនុលោមភាពទំនិញក្នុងឃ្លាំងទាំង៣ ក្រុមការងារអន្តរាគន៍ពិសេសនៃអគ្គនាយកដ្ឋានគយ បានរកឃើញទំនិញខុសប្រក្រតីមួយចំនួនបង់ពន្ធមិនគ្រប់ ដែលតម្រូវឲ្យម្ចាស់ទំនិញត្រូវតែបង់ពន្ធបង្គ្រប់ និងធ្វើការផាកពិន័យពន្ធចូលរដ្ឋបានយ៉ាងច្រើនក្រាស់ក្រែល។ ក្រៅពីនោះក៏មានប្រេងគេចពន្ធជាង២០០ធុង ត្រូវបានកម្លាំងគយឃាត់រក្សាទុក ដើម្បីឲ្យម្ចាស់ទំនិញចូលដោះស្រាយបង់ពន្ធចូលរដ្ឋទៅតាមនីតិវិធីគយ។ ជុំវិញករណីខាងលើនេះ បណ្តាញសារព័ត៌មានយើងខ្ញុំ មិនអាចទំនាក់ទំនងសូមការបំភ្លឺលំអិត ពីលោកវរសេនីយ៍ឯក ជ្រិន ឆាយ បាននោះទេ?ដោយសារមិនមានលេខទូរស័ព្ទដើម្បីទំនាក់ទំនង។



