កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជូនជនជាតិចិន១៤នាក់ និងខ្មែរ២នាក់ ពាក់ព័ន្ធបទល្មើស Scam Online ទៅអយ្យការអមសាលាដំបូងខេត្តកែប

(កែប)៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជូនជនជាតិចិន១៤នាក់ និងខ្មែរ២នាក់ ពាក់ព័ន្ធបទល្មើស Scam Online ទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិ នៃច្បាប់។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា (ONLINE SCAM) កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលរបស់លោក ដឹកនាំផ្ទាល់ដោយលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប, លោក ប៊ុន យោង អភិបាលរងខេត្ត និងជាប្រធានក្រុមលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា (Scam Online) និងលោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបបទល្មើសមួយនេះ នៅចំណុចផ្ទះជួលរបស់ឈ្មោះ ហាន់ ហឿន ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

កិច្ចប្រតិបត្តិការខាងលើ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន១៦នាក់ (ជនជាតិខ្មែរ ចំនួន២នាក់ និងជនជាតិចិន ចំនួន១៤នាក់) និងដកហូតសម្ភារវត្ថុតាង រួមមាន៖ កុំព្យូទ័រយួរដៃ ២១គ្រឿង, ទូរសព្ទ ២៥គ្រឿង និងសម្ភារជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបំពេញសំណុំរឿង បញ្ជូនជនសង្ស័យទាំង១៦នាក់ រួមទាំងសម្ភារវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនីតិវិធី និងបានធ្វើការផាកពិន័យម្ចាស់ផ្ទះ (ទីតាំងប្រព្រឹត្តបទល្មើស) តាមអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលផងដែរ។

ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ទៀតថា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់ចេញ ធ្វើយ៉ាងណាបង្ក្រាបឲ្យខាងតែបាន ដោយមិនលើកលែងឱ្យឡើយ ពាក់ព័ន្ធបទល្មើស ជុំវិញករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបន្តធ្វើការស្រាវជ្រាវ ដើម្បីឈានទៅបង្ក្រាបដូចករណីខាងលើនេះឲ្យបានម៉ឺងម៉ាត់៕






Previous Post Next Post