នគរបាលក្រុងកំពតម្នាក់ ជាប់ខ្នោះដោយសារ​គប់កែវស្រា​លើនារីចាប់ទឹកកក

មន្រ្តីនគរបាលនៃ​អធិការដ្ឋាន​ក្រុងកំពតម្នាក់ ត្រូវ​បាន​ឃាត់ខ្លួន បន្ទាប់ពីគប់កែវស្រា​លើនារីបម្រើសេវាចាប់ទឹកកកម្នាក់ ក្នុងកម្មវិធីមួយ កាលពីយប់​ថ្ងៃទី​១៩ មេសា។ ជុំវិញករណីនេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បញ្ជាឱ្យ​អធិការក្រុងកំពតនាំខ្លួនមកអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។

ក្រោយ​អ្នកប្រើប្រាស់​បណ្ដាញសង្គមចែករំលែក​ករណីបុរសម្នាក់ ជា​មន្រ្តី​នគរបាលនៃអធិការដ្ឋានក្រុងកំពតម្នាក់ បាន​ប្រើប្រាស់​អំពើហិង្សា ដោយ​គប់កែវស្រាលើ​នារី​ជាអ្នក​ចាប់ទឹកកកក្នុងកម្មវិធីមួយ បណ្ដាលឱ្យបែកក្បាល និ​ងរបួសក្រោម​ភ្នែក លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បាន​បញ្ជាឱ្យ​នាំខ្លួនមកទទួលទោស។

លោកស្នងការខេត្ត​កំពត បាន​ប្រាប់សារព័ត៌មាន​ឌីជីថលថ្មីៗថា បុរសជាមន្រ្តីនគរបាលខាងលើ​ នឹង​ទទួលរងនូវ​ចំណាត់ការតាមផ្លូវច្បាប់ ដោយ​មិន​លើកលែង។ លើសពីនេះ លោកស្នងការខេត្តកំពត នឹង​ប្រជុំក្រុម​ប្រឹក្សា​វិន័យ ថាតើត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌ​ឬយ៉ាងណា។

បើតាម​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ករណីខាងលើជនរងគ្រោះមិនបានមកដាក់បណ្តឹងនោះទេ ដែលធ្វើឱ្យ​មានការយឺតយ៉ាវក្នុងការទទួលព័ត៌មាន។ ទោះ​ជន​រង​គ្រោះមិន​ប្ដឹងក្ដី តែ​លោក​ស្នង​ការខេត្ត​កំពត មិន​នៅស្ងាត់នោះឡើយ រហូតវាយខ្នោះ និង​នាំ​ខ្លួន​ជនបង្កឈ្មោះ ទេព សុខផេង មកកាន់​អធិការដ្ឋាននគរបាលក្រុងកំពត​។

«មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះ គឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ ។ មន្ត្រីដែលផឹកស៊ីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋ និងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត»។ លោកស្នងការខេត្ត​កំពត សរសេរ​លើ​ទំព័រហ្វេសប៊ុកដូច្នេះ។​

សូម​បញ្ជាក់ថា កាលពីយប់ថ្ងៃទី​១៩ មេសា មាន​ករណី​គប់កែវស្រាលើនារីចាប់ទឹកកកម្នាក់ ក្នុងកម្មវិធីមួយ នា​ភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត៕



Previous Post Next Post