(ខេត្តកណ្តាល) ៖ នៅថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញបន្តចុះត្រួតពិនិត្យ អនុវត្តវិធានសណ្តាប់ធ្នាប់ សាធារណៈ សុវត្តិភាព តាមដងផ្លូវជាតិលេខ១ និងជុំវិញបរិវេណផ្សារគគីរ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង។
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថាៈ ការបន្តចុះរៀបចំសណ្តាប់ធ្នាប់ សាធារណៈនេះ គឺដើម្បីកាត់បន្ថយការកកស្ទះនៅលើដងផ្លូវជាតិ និងជុំវិញផ្សារ ដែលបង្កឡើងដោយសារការចតយានយន្តគ្រប់ប្រភេទ និងការលក់ដូររំលោភលើផ្លូវ និងមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ការបោះចោលពាសវាលពាសកាលនៅមុខកន្លែងលក់ដូរ ដែលបង្កឲ្យមានហានីភយ័ ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក្នុងតំបន់នេះផងដែរ។
ពាក់ពន្ធសកម្មភាពរបស់អាជ្ញាធរមូលដ្ឋានខេត្ត ដែលបានចុះអនុវត្តន៍ បង្ហាញថាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សុវត្តិភាពនេះមិនត្រឹមតែធ្វើឱ្យផ្លូវជាតិមានភាពទូលាយប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយនូវករណីគ្រោះថ្នាក់ចរាចរណ៍ទៀត និងធ្វើឱ្យការដើរទិញទំនិញផ្សេងៗមុខផ្សារមានភាពងាយស្រួលផងដែរ។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានបន្តថាៈ អាជ្ញាធរមូលដ្ឋានស្រុកត្រូវណែនាំដល់អាជីវករលក់ដូរតាមលើចិញ្ចើមផ្លូវជាតិលេខ១នេះ ឱ្យរុះរើតូប ឬការដាក់តាំងលក់ទំនិញដែលបង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋថ្មើរជើង និងយានយន្ត ពិសេសគឺស្លាកយីហោរបស់ពួកគាត់ដែលលយចេញលើចំណីផ្លូវសាធារណៈ គឺអាជ្ញាធរតម្រូវឲ្យរុះរើជាបន្ទាន់ដោយគ្មានការលើកលែងនោះឡើយ។
ទន្ទឹមនឹងការចុះអនុវត្តនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមសហការជាមួយអាជ្ញាធរ ដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅ។ អាជ្ញាធរនឹងបន្តតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែង។ សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការកែលម្អជីវភាពរស់នៅ និងបរិយាកាសទូទៅនៅក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយ ដែលអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ សុវត្តិភាពនៅជុំវិញតំបន់ផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សម្រួលដោយខ្មែរ សេរី







