ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ចំណងមិត្តភាពកម្ពុជា និងចិន កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ នៅគ្រប់កម្រិតនិងគ្រប់វិស័យ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបដ៏រឹងមាំ

 ចេញផ្សាយ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៦

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ចំណងមិត្តភាពកម្ពុជា និងចិន កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ នៅគ្រប់កម្រិតនិងគ្រប់វិស័យ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបដ៏រឹងមាំ រួមគ្នាជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលផ្តល់ផលជាផ្លែផ្កាជាក់ស្តែង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ ដែលបានបង្ហាញតាមរយៈសមិទ្ធផលថ្មីៗ រួមមាន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ពហុកីឡដ្ឋានមរតកតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ផ្លូវក្រវាត់ក្រុងទី៣, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, ផ្លូវជាតិលេខ១០ និងនាពេលថ្មីៗគម្រោងវារីអគ្គិសនីបូមទឹកស្តុកទុក ស្ទឹងតាតៃលើ ខេត្តកោះកុង ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត។

ការចេញសាររបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើង ក្រោយកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ បានបញ្ចប់ដោយជោគជ័យ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាយន្តការយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាពិសេស ការសម្រេចដំឡើងកម្រិតកិច្ចសន្ទនានេះទៅកម្រិត ៣+៣ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។

ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនេះ ក៏មានជំនួបសំខាន់ៗ រួមមាន៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានបង្ហាញច្បាស់អំពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ទោះស្ថិតក្នុងស្ថានការណ៍ពិភពលោកបច្ចុប្បន្នដែលមានការប្រែប្រួលមិនច្បាស់លាស់យ៉ាងណាក្តី។

តាឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា មឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ ទំនាក់ទំនងកម្ពុជា-ចិន ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តួចផ្តើមឡើងដោយ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តមប្រធាន ម៉ៅ សេទុង និង ឯកឧត្តម ជូ អេងឡាយ និងត្រូវបានបន្តពូនជ្រុំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ស៊ី ជីនពីង។ ជាពិសេស ការបន្តយកចិត្តទុកដាក់របស់មិត្តចិន ចំពោះការព្យាបាល និងថែរក្សាព្រះរាជសុខភាពថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង ហ្លួងយាយ។(ប្រភព ផេកក្រសួងព័ត៌មាន)









Previous Post Next Post