Online Scams ៖ ជនបរទេសជាង២៥ម៉ឺននាក់ ត្រូវបានបណ្តេញនិងស័្មគ្រចិត្តចេញពីកម្ពុជា

ភ្នំពេញ៖ ជនបរទេសចម្រុះជាតិសាសន៍ចំនួន ២៥៤ ៩២៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្តេញ​ និងស្ម័គ្រចេញទឹកដីកម្ពុជា។ ក្នុងនោះ មានជនបរទេសដែល ស្ម័គ្រចិត្តចាកចេញពីកម្ពុជាសរុប ២៤១ ៨៨៨នាក់។ សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា ចំនួននេះ គឺគិតត្រឹមថ្ងៃទី១៩ ខែមេសា។

 ជិត១០ខែមកនេះ នៃយុទ្ធការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាល ដែលចាប់អនុវត្តតាំងខែកក្កដា ឆ្នាំ២០២៥ មកដល់ថ្ងៃទី១៩ ខែមេសា អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់រាជធានី-ខេត្ត ចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បាន២៥០ករណី ។ ក្នុងនោះ មានការបង្ក្រាបទីតាំងកាស៊ីណូចំនួន៩១ទីតាំង និងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការមាន ចំនួន ១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១ ០៨៩នាក់ រួមមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។ 

សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាថ្ងៃទី២៤ ខែមេសា បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានអនុវត្តនីតិវិធីបណ្ដេញជនបរទេស ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៣ ០៣៩នាក់ (ស្ត្រី ១ ៥០៩នាក់) មាន ៣៣សញ្ជាតិ។ ក្នុងរយៈពេលដូចគ្នានេះ ជនបរទេសដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញចំនួន ២៤១ ៨៨៨នាក់ គឺបាន ស្ម័គ្រចិត្តចាកចេញពីកម្ពុជា។  ក្នុងនោះ មានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន។

ដ្បិតសម្រេចលទ្ធផលច្រើនគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេះ ដោយគ្មានបង្អង់ដៃឡើយ។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែមេសា សម្តេច បានថ្លែងយ៉ាងដូច្នេះថា៖ « ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ។ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ។»។

រាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្រយុទ្ធប្រឆាំងរយៈពេលវែង ដែលត្រូវការចូលរួមពីគ្រប់ភាគីទាំងក្នុងប្រទេស និងអន្តរជាតិ។ កម្ពុជា សូមអំពាវនាវឱ្យសាធារណជន និងសហគមន៍អន្តរជាតិ មេត្តាទទួលស្គាល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្ម និងជាក់ស្តែងរបស់កម្ពុជា ក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕





Previous Post Next Post