(រាជធានីភ្នំពេញ)សភារាជ ព័ត៌មាន G M News
នៅថ្ងៃអាទិត្យ ១០រោច ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១២ ខែ មេសា ឆ្នាំ២០២៦នេះទិដ្ឋភាពនៅក្នុងបរិវេណសួនសាធារណៈព្រលានយន្តហោះពោធិ៍ចិនតុង ដែលបានរៀបចំតុបតែង និងបើកដំណើរការសាកល្បងថ្ងៃដំបូង ឱ្យបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ថ្ងៃទី១ នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ថ្ងៃ(១១-១៩ មេសា ២០២៦) មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ម៉ឺន ៥ពាន់នាក់ បានចូលទស្សនា កម្សាន្តថតរូប ហាត់ប្រាណ និងលេងកីឡាជុំវិញតំបន់ និងអគារជាច្រើន។
ក្នុងនោះរួមមាន អគារផ្លិត និងប៉មបញ្ជាហោះហើរ(Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP) ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ(Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។បន្ថែមលើនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានទស្សនាការសម្ដែងរបាំត្រុដិ របាំឆៃយ៉ាំ ការលេងភ្លេងពិណពាទ្យ និងរបាំផ្សេងៗ ដើម្បីស្វែងយល់ពីគុណតម្លៃនៃរបាំប្រពៃណីវប្បធម៌ជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។(ប្រភព ផេកក្រសួងព័ត៌មាន)






