(ខេត្តកណ្ដាល)៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមដានត្រួតពិនិត្យគម្រោងលើការវឌ្ឍនភាពនៃការអនុវត្តថវិកាដែលគាំទ្រដល់ដំណើរការ កិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីទីចាត់ការវិនិយោគខេត្ត ទីចាត់ការគណនេយ្យ និងហិរញ្ញវត្ថុខេត្ត មន្ទីរផែនការខេត្ត និងឃុំ សង្កាត់ ក្រុង-ស្រុក ទាំង១៣ក្នុងខេត្តកណ្តាល។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលមានប្រសាសន៍ថាៈ កិច្ចប្រជុំនេះ គឺដើម្បីតាមដានត្រួតពិនិត្យលើការវឌ្ឍនភាព នៃការអនុវត្តថវិកាដែលគាំទ្រដល់ដំណើរការ ព្រមទាំងកិច្ចការងារគាំទ្រនានា ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ជាពិសេស តើនៅតាមមូលដ្ឋានបានជួបនូវការអនុវត្តសកម្មភាពនានា និងផលវិបាក ឬបញ្ហាប្រឈមអ្វីខ្លះ ដើម្បីពិភាក្សា ធ្វើការដោះស្រាយរួមគ្នាសំដៅឱ្យការងារ អនុវត្តទៅកាន់តែមានភាពរលូនជាងមុនបន្ថែមទៀត។
ឯកឧត្តមបន្តថា ថ្មីៗនេះយើងឃើញមានការផ្ទេរនូវមុខងារជាច្រើន មកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចនេះថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវទទួលបន្ទុកលើការងារទាំងនោះ គឺចាំបាច់ត្រូវមានឆន្ទៈ និងមានសមត្ថភាពសម្រាប់ឆ្លើយតបទៅនឹងទំហំតម្រូវការ នៃកិច្ចការងារ។







