(រាជធានីភ្នំពេញ)៖ នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំឆ្នាំ២០២៦នេះអគាររដ្ឋបាលថ្មីដ៏ស្កឹមស្កៃរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា «វិមានសាមគ្គីភាព» នឹងត្រូវបានរៀបចំពិធីសូត្រមន្តក្រុងពាលី ចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ និងសិរីសួស្តី ជយ័មង្គល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។អគារថ្មី«វិមានសាមគ្គីភាព» គឺជាសមិទ្ធផលប្រវត្តិសាស្រ្តមួយទៀត ដែលបានលេចឡើងយ៉ាងត្រដែតក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន។ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកា ទទួលបានពីការចូលរួមវិភាគទានរបស់សប្បុរសជននានាទាំងស្រុង ដោយពុំបានចំណាយថវិកាជាតិនោះឡើយ។
សូមជម្រាបជូនថាៈ អគារថ្មីនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយមានទំហំធំទូលាយ មានបណ្តោយប្រវែង ៧៩ម៉ែត្រ ទទឹង ៤៧ម៉ែត្រ និងកម្ពស់ ៤ជាន់។ អគារនេះនឹងត្រូវប្រើប្រាស់ជាកន្លែងបំពេញការងាររបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាសាលប្រជុំព្រឹទ្ធសភា និងជាទីកន្លែងសម្រាប់ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាតិ និងអន្តរជាតិនានាផងដែរ។
បន្ទាប់ពីពិធីសូត្រមន្តក្រុងពាលី និងចម្រើនព្រះបរិត្តរួចរាល់ អគារ «វិមានសាមគ្គីភាព» គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។



