កិច្ចប្រជុំវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ ទេសចរណ៍បច្ចុប្បន្នកម្ម (២០២១-២០២៥)

(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកណ្តាល និងលោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានប្រតិភូនៃក្រសួងទេសចរណ៍ និងសមាជិក សមាជិកា នៃគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ ទេសចរណ៍បច្ចុប្បន្នកម្ម (២០២១-២០២៥)របស់ខេត្តកណ្តាល។ 

កិច្ចប្រជុំនេះដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុងស្រុក និងលោក លោកស្រីមន្ត្រីរាជការជាច្រើនរូប។ 

ក្នុងកិច្ចប្រជុំ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានរំលេចពីខ្លឹមសារ សំខាន់នៃការវាយតម្លៃបិទបញ្ចបស្តីពី «ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តកណ្តា ល” និងបានគូសបញ្ជាក់យ៉ាងច្បាស់អំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ឆ្នាំកន្លងមក។ 

លោកជំទាវ បានបញ្ជាក់ពីវឌ្ឍនភាព និងសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបានតាមសូចនាករដែលបានកំណត់ក្នុងផែនការអភិវឌ្ឍន៍រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់វិស័យទេសចរណ៍ ការបង្កើត និងកែលម្អផលិតផលទេសចរណ៍ ការពង្រឹងគុណភាព សេវាកម្ម និងការយកចិត្ត ទុកដាក់ខ្ពស់លើសុខសុវត្ថិភាពភ្ញៀវទេសចរ។តាមរយៈកិច្ចពិភាក្សាអង្គប្រជុំបានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យទេសចរណ៍ របស់រដ្ឋបាលខេត្តកណ្តាល ស្របតាមការលើកឡើងរបស់ លោកជំទាវ អភិបាលរងខេត្ត និងគណៈកម្មាធិ ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកណ្តាល ដោយឆ្លុះបញ្ចាំងតាមយុទ្ធសាស្ត្រអាទិភាពចំនួន ០៨ សូចនករ ដែល ក្រសួងទេសចរណ៍បានណែនាំ រួមមាន៖ (១)ការងារអភិវឌ្ឍន៍ផលិតផល និងពង្រឹងគុណភាព សេវាកម្ម ទេសចរណ៍ (២) ការងារសិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍ (៣) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ (៤) សន្តិសុខ និងសុវត្ថិភាពទេសចរណ៍ (៥) ប្រព័ន្ធច្បាប់ទេសចរណ៍ (៦) ការអភិវឌ្ឍន៍ធនធានមនុស្ស និងសមភាពយេនឌ័រ (៧) ការវិនិយោគក្នុងវិស័យ ឧស្សាហកម្មទេសចរណ៍ (៨)ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ។ 

លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានផ្តល់មតិយោបល់ ដើម្បី បិទបញ្ចប់នៃការអនុវត្តលើ «ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តកណ្តាល ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ជាមួយគ្នានេះ អង្គប្រជុំក៏បានឯកភាពគ្នាលើ ការពង្រឹងកិច្ចសហការ រវាងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលការងារ តាមការគ្រោងទុកក្នុងគោលដៅ ប្រែក្លាយវិស័យទេសចរណ៍ខេត្តកណ្តាលឱ្យក្លាយជាជន្ទុលសេដ្ឋកិច្ចដ៏រឹងមាំ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ 

បន្ថែមពីនេះ លោកប្រធានប្រតិភូ បានណែនាំអំពីនីតិវិធីប្រមូល និងរៀបចំការធ្វើបច្ចុប្បន្នភាពស្តីពី ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកណ្តាល ២០២៦-២០៣០។ 

លោក ក៏បានជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បន្តសហការផ្តល់ទិន្នន័យ និង គាំទ្រ ដល់ការធ្វើបច្ចុប្បន្នភាព ផែនការ អភិវឌ្ឍន៍ទេសចរណ៍ខេត្តកណ្តាល (២០២៦-២០៣០) នេះ ឱ្យសម្រេចបានតាមគោលដៅ ដែលនឹងកំណត់សម្រាប់ទិសដៅបន្ត។










Previous Post Next Post