ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ទិសដៅការងារបន្ត បទបញ្ជា-សភាពការណ៍ថ្មីៗ ឆ្នាំ២០២៦

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្ត ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអនុវត្តន៍ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវិរៈសេនាតូច ព្រមទាំង លោក លោកស្រី នៃកងកម្លាំងអាវុធហត្ថពាក់ព័ន្ធជាច្រើនរូប។

សូមជម្រាបថាចៈ នៅក្នុងអង្កប្រជុំ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការបានកោតសរសើរ ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តន៍ការងារ និងតាមតួនាទភារកិច្ចកន្លងមក ប្រកបដោយស្មារតីសាមគ្គីភាព គោរពបទវិន័យ ក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងបានយ៉ាងម៉ឺងមាត់របស់ខ្ជួន ទាំងកិច្ចការងារជំនាញ ការពារសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកធ្វើដំណើរកំសាន្ត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសបានបង្ការទប់ស្កាត់និងបង្ក្រាប ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) ព្រមទាំងបទល្មើសផ្សេងៗ បានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ ក៏បានពាំនាំនូវការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញផងដែរ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានដាក់បទបញ្ជាដល់ លោកមេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរជំនាញ ក៏ដូចជា លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ត្រូវតែបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានស្នាដៃកាន់តែល្អប្រសើរឡើងស្របតាមស្ថានភាពសង្គម ពិសេសត្រូវយកចិត្តទុកដាក់ចូលរួម ជាមួយគណៈបញ្ជាការឯកភាពរាជធានី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់។










Previous Post Next Post