សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបង្ហោះសារ លើបណ្ដាញសង្គម បង្ហាញពី ភាពរីករាយយ៉ាងគគ្រឹកគគ្រេង នៃបុណ្យអុំទូកនៅសៀមរាប ថ្ងៃទី១ ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប បាននាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធមដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នៅពេលថ្ងៃ នៅតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋកម្ពុជាជាច្រើនកុះករ បានមកជួបជុំគ្នាដើម្បីទស្សនា ការប្រណាំងទូកង ដ៏ជក់ចិត្តរបស់ក្រុមចំណុះទូកដែល តំណាងឲ្យសាមគ្គីភាព និង កម្លាំង។ នៅពេលរាត្រី ដងស្ទឹង ត្រូវបានបំភ្លឺដោយពន្លឺប្រទីបចម្រុះពណ៌ ដែលអណ្តែតតាមផ្ទៃទឹក ខណៈប្រជាពលរដ្ឋធ្វើពិធីសំពះព្រះខែ និងរីករាយនឹងការអកអំបុក តាមប្រពៃណី។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ភាពរីករាយនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់ អំពី ការថែរក្សា ប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។
បុណ្យអុំទូកនេះ មានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។
ក៖ តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពីដើមមានចែងថា៖ នៅក្នុងសម័យអង្គរនា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។
ខ៖ ឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយលោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖ សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់៕



