ថ្ងៃទី០២ នៃថ្ងៃឈប់សម្រាក ក្នុងឱកាសពិធីបុណ្យអុំទូក ឆ្នាំ២០២៥នេះ បណ្តាបងប្អូនប្រជាពលរដ្ឋកុះករ បានបន្តនាំគ្នាទៅដើរលេងកម្សាន្ត នៅសួនមាត់ទន្លេ មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ។
ថ្វីត្បិតពិធីបុណ្យអុំទូកឆ្នាំនេះ ត្រូវបានផ្អាកការប្រារព្ធក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា ទិដ្ឋភាពជារួមទូទៅ ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋ បណ្តាភ្ញៀវជាតិ និងអន្តរជាតិជាច្រើន នៅតែបន្តនាំគ្នាដើរលេងកម្សាន្តសប្បាយ ក្រោមបរិយាកាសអំណោយផលល្អ ទាំងបរិស្ថានអនាម័យ របៀបរៀបរយសាធារណៈ ក៏ដូចជាសន្តិសុខសុវត្ថិភាពល្អប្រសើរ ។
ពលរដ្ឋ ដែលបានទៅដើរលេងកម្សាន្ត បានបង្ហាញអារម្មណ៍រីករាយ ប្រកបដោយក្តីស្រស់ស្រាយល្អ ទោះពួកគាត់មិនបានមើលការប្រណាំងទូកក៏ពិតមែន ។ ពួកគាត់លើកឡើងថា ក្រោមម្លប់ នៃសុខសន្តិភាព ទើបពួកគាត់គ្រប់គ្នា អាចមកដើរលេងកម្សាន្តបានដោយភាពសប្បាយ ហើយក៏មិនភ្លេចនឹកគុណដល់វីរភាពអង់អាចហានក្លារបស់វីរកងទ័ពកម្ពុជា ដែលបានឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ទើបធ្វើឲ្យពលរដ្ឋដែលនៅសមរភូមិក្រោយអាចដើរកម្សាន្តសប្បាយបាន ។
គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥នេះ គឺប្រព្រឹត្តិទៅរយះពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្នុងនោះសម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ គឺពុំមានការរៀបចំពិធីអុំទូកនោះឡើយ ៕




