នៅថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលក្រុងសំពៅពូន បានរៀបចំពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១១ភូមិក្នុងសង្កាត់ឈើខ្មៅ ដោយនាំយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចែកជូន ក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារត្ន័ រដ្ឋលេខាធិកាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង និងជាប្រធានក្រុមការងារដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាល លោកប្រធានក្រុមប្រឹក្សាក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី លោកចៅសង្កាត់ លោកមេ លោក លោកស្រីមន្ត្រីរាជការជុំវិញសាលាក្រុង និងប្រជាពលរដ្ឋជាច្រើនផងដែរ។
សូមជម្រាបថាៈ នៅក្នុងអង្កពិធីសំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីសមត្ថកិច្ចជំនាញ និងមន្ត្រីគយនៅតាមតំបន់ព្រំដែននេះ ត្រូវយកចិត្តទុកដាក់និងជួយសម្របសម្រួល ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនកសិផល ពិសេស គឺស្រូវឱ្យបានល្អប្រសើរនៅតាមផ្លូវជាតិលេខ២១បេដើម្បីយកមកលក់នៅទីផ្សារតាមព្រំដែន និងធ្វើយ៉ាងណាកុំឱ្យតម្លៃដឹកជញ្ជូនមានតម្លៃថ្លៃ ធ្វើឱ្យប៉ះពាល់តម្លៃកសិផលរបស់ប្រជាកសិកររបស់យើងនោះ។ ការណែនាំនេះធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១១ ភូមិ សរុបចំនួន ៨០៣០ បណ្ណ ស្ថិតនៅភូមិក្បាលកោះ ភូមិឈើខ្មៅ ភូមិចុងកោះ ភូមិត្រពាំងជ្រៃ ភូមិត្រើយកោះ ភូមិក្បាលជ្រោយ ភូមិកោះតូច ភូមិចុងខ្សាច់ ភូមិធំភូមិថ្មី ភូមិទួលស្វាយ សង្កាត់ឈើខ្មៅ ខេត្តកណ្តាល នៅបរិវេណវត្តត្រពាំងokជ្រៃ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជក់ថាៈ ការសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ គឺពិតជារួមចំណែកក្នុងការលើកស្ទួយតម្លៃកសិផលរបស់ប្រជាកសិករ នៅក្នុងខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសដែលឆ្លងកាត់នៅតាមតំបន់នេះផងដែរ។(សម្រួលដោយខ្មែរ សេរី)
