(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហិរញ្ញិក គណៈកម្មាធិការសាខាកាក់បាទក្រហមកម្ពុជាខេត្ត បានទទួលអំណោយពី ក្រុមហ៊ុន Glory Apparel (Cambodia) CO.LTD បានឧបត្ថម្ភ អាវចាក់ ចំនួន១០០០អាវ ស្មើនឹងទឹកប្រាក់ចំនួន ៨.០០០ដុល្លារអាមេរិក នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។
ក្នុងឱកាសលោកជំទាវ ស្រ៊ុន ស្រីនាង ហិរញ្ញិកគណៈកម្មាធិការសាខា តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះក្រុមហ៊ុន Glory Apparel (Cambodia) CO.LTD ដែលបានឧបត្ថម្ភ អាវចាក់ ដែលមានចំនួនដូចខាងលើនេះ សម្រាបបម្រើជាមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនោះ។
ជាការឆ្លើយតបចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជន លោកជំទាវ ស្រ៊ុន ស្រីនាង បានសន្យាថា សាខាកាក់បាទក្រហមកព្ពុជាខេត្តនឹងបន្តនាំយកអំណោយដ៏ថ្លៃថ្លាទាំងនេះទៅប្រើប្រាស់ឲ្យចំទិសដៅ និងមានតម្លាភាព ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមជាតិនិងអន្តរជាតិ។ លោកជំទាវ ក៏បានអំពាវនាឱ្យ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះ ជាពិសេស ជនចាស់ជរា ក្នុងពេលមានអាកាសធាតុត្រជាក់ចូលមកដល់ ដើម្បីរក្សាភាពកក់ក្តៅ និងសុវត្ថិភាពក្នុងពេលអាកាសធាតុចុះត្រជាក់ ដើម្បីជួយសម្រាលទុកលំបាកប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនទុកឱ្យប្រជាពលរដ្ឋមានការលំបាកឡើយ។
លោកជំទាវ ហិរញ្ញិកសាខា ក្នុងនាមគណៈកមាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះ ក្រុមហ៊ុន Glory Apparel (Cambodia) CO.LTD សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។





