(ខេត្តក្រចេះ)៖ នៅថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ ធ្វើឡើងនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីផ្សាព្វផ្សាយសមិទ្ធផល នានាដែលរដ្ឋបាលខេត្ត សម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញឲ្យឃើញច្បាស់នូវអ្វីៗដែលនៅសេសសល់ ខេត្តនិងកំពុងបន្តធ្វើបន្ថែមទៀតផងដែរ។ ហើយក៏បានឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋាន នៅស្រុកស្នួល ខេត្តក្រចេះ។
នៅក្នុងវេទិកានេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីមន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនរូប។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ស្នើឱ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសហការ និងរាយការណ៍ជូនសមត្ថកិច្ច ឱ្យបានទាន់ពេលវេលា នូវករណីដែលកើតឡើងនៅមូលដ្ឋាន ដើម្បីងាយស្រួលកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ស្រាវជ្រាវឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរុញដល់កម្លាំងជំនាញអធិការស្រុក និងកងកម្លាំងអាវុធហត្ថ ត្រូវសហការរៀបចំផែនការលម្អិត ចុះស្រាវជ្រាវមុខសញ្ញា និងចាត់វិធានការចាប់បង្រ្កាប ទៅតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព៕







