ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកស្ទឹងក្រាំងពន្លៃ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ

 (ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃសៅរ៍ ១៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់តាមដងស្ទឹងក្រាំងពន្លៃ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដែលនិងកំពង់បានហក់ឡើងជាខ្លាំងកាលពីម្សិលមិញ បណ្តាលឱ្យទឹកជនលិចហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ (ចាស់) នៅម្ដុំរូបសំណាកព្រះគោព្រះកែវ។

ដោយចាប់តាំងពីថ្ងៃម្សិលមិញ ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង ក៏បានចាត់ឱ្យក្រុមការងារនិងប្រជាពលរដ្ឋច្រកដីទប់ទឹកការពារតាមចិញ្ចើមផ្លូវជាតិ និងបញ្ជូនគ្រឿងចក្រជីកបើកមុខទឹក និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានចាត់ឱ្យក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតំបន់ប៉ែកខាងលើ និងឱ្យបន្តតាមដានស្ថានភាពទឹកដោយប្រុងប្រយ័ត្នខ្ពស់បំផុត។ ចំពោះស្ថានភាពទឹកជំនន់នៅចំណុចផ្លូវជាតិលេខ៥ (ចាស់) ពេលនេះក៏បានស្រកបន្តិចលែងហូរកាត់ផ្លូវទៀតទេ ប៉ុន្តែក្រុមការងារនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ ដោយសារប៉ុន្មានថ្ងៃមុននេះមានភ្លៀងជាច្រើនអាចនឹងបន្តធ្លាក់បន្តទៀតហើយអាចបរិមាណទឹកជំនន់ក្នុងអាងអន្លង់ជ្រៃនៅតំបន់ប៉ែកខាងលើ កំពុងកើនឡើងខ្ពស់៕










Previous Post Next Post