(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទីចាត់ការផែនការនិងវិនិយោគខេត្តថាៈ អាជ្ញាធរក្រុង-ស្រុកនិងមន្ទីរអង្កភាពពាក់ព័ន្ធ បានខិតខំយកចិត្តទុកដាក់សហការគ្នាបានល្អ ក្នុងការរៀបចំសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ រួចរាល់ ដើម្បីទុកត្រៀមសម្រាប់ដាក់ជូនក្រុមប្រឹក្សាធ្វើការពិនិត្យនិងអនុម័តនាពេលខាងមុខ។ការកោតសរសើរនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត អញ្ចើញជាគណៈអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦។ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរអង្កភាពពាក់ពន្ធជុំវិញខេត្ត និងមន្ត្រីជាច្រើនរូបផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក៏បានជំរុញ និងលើកទឹកចិត្តដល់អង្គប្រជុំទាំងមូល សូមមន្រ្តីទាំងអស់រួមគ្នាយកចិត្តទុកដាក់ពិនិត្យ និងចូលរួមផ្ដល់ជាមតិយោបល់ ពាក់ព័ន្ធទៅនឹងសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ឱ្យបានលម្អិតបន្ថែមទៀត ជាពិសេសទៅលើថវិកាប្រើប្រាស់ក្នុងការអនុវត្តគម្រោងឱ្យមានលក្ខណៈសមស្រប ធានាដល់ការសាងសង់គម្រោងដែលមានគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់របស់មូលដ្ឋានពិតប្រាកដ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងម្ដងទៀត ដើម្បីលម្អិតឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ចំពោះរាល់គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំគិតគូរនូវរាល់គម្រោងរបស់ខ្លួនដែលបានលើកឡើងឱ្យបានកាន់តែច្បាស់លាស់ថែមទៀត ត្រៀមលើកឡើងជាមតិយោបល់ នៅក្នុងកិច្ចប្រជុំពេលក្រោយទៀតករណីគម្រោងដែលស្នើឡើងមិនទទួលបានការគាំទ្រ ត្រូវបន្តស្នើឡើងនៅឆ្នាំក្រោយទៀត។
សូមជម្រាបថា យោងតាមសេចក្តីព្រាងគម្រោងវិនិយោគខេត្តឆ្នាំ២០២៦ ខេត្តកណ្តាលមានចំនួន ៨៣គម្រោង ក្នុងនោះ ៖ ស្រុកកណ្តាលស្ទឹង ៥គម្រោង ស្រុកកៀនស្វាយ ៥គម្រោង ស្រុកខ្សាច់កណ្តាល ៥គម្រោង ស្រុកកោះធំ ៣គម្រោង ស្រុកលើកដែក ៣គម្រោង ស្រុកល្វាឯម ៣គម្រោង ស្រុកមុខកំពូល ៣គម្រោង ស្រុកអង្គស្នួល ៤គម្រោង ស្រុកពញាឮ ១២គម្រោង ស្រុកស្អាង ៧គម្រោង ក្រុងតាខ្មៅ ១៨គម្រោង ក្រុងសំពៅពូន ៤គម្រោង ក្រុងអរិយក្សត្រ ១០គម្រោង និងគម្រោងក្នុងខេត្តមាន ១គម្រោង៕







