(ខេត្តកណ្តាល)៖ នៅថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះរដ្ឋបាលខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យនិងវាយតម្លៃ ការផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្រុងស្រុក ក្នុងវិសយ័អបរំ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ដោយមានការចូលរួម ពីមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុង ស្រុក លោក-លោកស្រីនាយក-នាយិកាសាលាបឋមសិក្សាដែលបានជាប់ចំណាត់ថ្នាក់ Top 5 ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត លើវិស័យអប់រំមានដូចជា សាលាបឋមសិក្សាពុកឫស្សី ស្រុកខ្សាច់កណ្តាល បឋមសិក្សាឫស្សីជ្រោយ ស្រុកស្អាង បឋមសិក្សាសំរោងធំ ស្រុកកៀនស្វាយ និងបឋមសិក្សាព្រែកលួង បឋមសិក្សាព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
សូមជម្រាបថាៈ នៅក្នុងប្រជុំនេះបន្ទាប់ពីបានស្ដាប់បទបង្ហាញ របស់សាលាបឋមសិក្សាដែលបានជាប់ចំណាត់ថ្នាក់ Top 5 ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្តរួចមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថាៈ សូមស្នើដល់ក្រុមការងាររបស់សាលាដែលបានទទួលចំណាត់ថ្នាក់ដូចខាងលើទាំងអស់ត្រូវ ជួយបំពេញបន្ថែមនូវចំណុចខ្វះខាតទៅលើការបទបង្ហាញ ដើម្បីរួមគ្នាកែសម្រួលឱ្យបានពេញលេញ។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានជំរុញដល់សាលា ត្រូវលើកឡើងចំណុចខ្វះខាត នៃសូចនាករដែលក្រសួងបានដាក់ចុះនៅក្នុងកិច្ចប្រជុំនេះ ដើម្បីឲ្យក្រុមការងារជួយដោះស្រាយបំពេញបន្ថែមបានទាន់ពេលវេលា ពិសេសត្រូវកែសម្រួលស្លាយសម្រាប់ធ្វើបទបង្ហាញ ឱ្យមានលក្ខណៈងាយស្រួលមើល ទាំងខ្លឹមសារ និងទិន្នន័យច្បាស់លាស់។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត លោកគ្រូអ្នកគ្រូ ត្រូវខិតខំហ្វឹកហាត់ក្នុងការធ្វើបទបង្ហាញឱ្យកាន់តែស្ទាត់ជំនាញ ចេះគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញស្របតាមការកំណត់ ពីព្រោះក្រុមការងារនឹងប្រជុំពិនិត្យម្ដងទៀត ដើម្បីសម្រេចជ្រើសរើសយកសាលាចំនួន២ ដែលល្អបំផុតមានសក្ដានុពល ក្នុងចំណោមសាលាដែលជាប់ Top 5 ថ្នាក់ខេត្ត ដើម្បីទៅប្រកួតប្រជែងនៅថ្នាក់ជាតិ ឱ្យទទួលបានចំណាត់ថ្នាក់ល្អប្រសើរ។ ផ្អែកលើអនុក្រឹត្យ ស្តីពីការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ ឱ្យអនុវត្តយន្តការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ក្នុងគោលបំណងជាចម្បងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការ របស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ គោលធំៗចំនួន៨ចំណុច ដែលមាន
ទី១-ស្ដង់ដាសេវាសាធារណៈ។
ទី២-និយាមនៃការផ្ដល់សេវាសាធារណៈ។ ទី៣-ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព។
ទី៤-ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព។
ទី៥-ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព។
ទី៦-ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយ តម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ។
ទី៧-ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋនិងសហគមន៍។
ទី៨-ការផ្តួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឲ្យអង្គភាពមានដំណើរការកាន់តែប្រសើរ។





