(ខេត្តព្រះសីហនុ)៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២២និង០០នាទីយប់ ដោយមានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយមួយកន្លែងនៅចំណុចព្រីនមល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ មួយកើតឡើង ដែលបង្កដោយជនជាតិចិន២ក្រុម មានគ្នាជាច្រើននាក់។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងមានការបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ ចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការពិនិត្យសាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន១៤នាក់(ស្រី១នាក់)និងដកហូតបានអាវុធខ្លី១ដើម ម៉ាក Zoraki មានបង់១ គ្រាប់១គ្រាប់ នៅនិងកន្លែងកើតហេតុផងដែរ។ បន្ទាប់មកកម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវជាបន្តទៀត រហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។ សរុបសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ស្រី ៥នាក់ (ចិន ៣៥នាក់ ស្រី ៣នាក់,នេប៉ាល់ ៤នាក់ និងខ្មែរ ៨នាក់ ស្រី ២នាក់) ។
សូមបញ្ជាក់ថាៈវត្ថុតាងដកហូតបានរួមមាន
អាវុធវែង និងខ្លី ចំនួន១៣ដើម(អាវុធវែង ២ដើម និងអាវុធខ្លី ១១ដើម)និងគ្រាប់ជាច្រើនគ្រាប់។ ម្សៅក្រាមពណ៌ ស សង្ស័យជាសារធាតុញៀនមួយចំនួន រថយន្តចំនួន ៥គ្រឿង។
មូលហេតុ ករណីផ្ទុះអាវុធខាងលើនេះ សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវលើករណីនេះបន្តទៀត។
ចំណែកជនសង្សយ័រួមនិងវត្ថុតាងសមត្ថកិច្ចកំពង់តែធ្វើការកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់។(ប្រភព ផេកស្នងការខេត្តព្រះសីហនុ)







