(ខេត្តកណ្ដាល)៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ វិសាមញក្រុមប្រឹក្សាលើកទី១៦ អាណត្តិទី៤។ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្កភាពជុំវិញខេត្ត លោក លោកស្រី មន្រ្តីរាជការជាច្រើនរូបផងដែរ។
សូមជម្រាបថាៈនៅអង្កប្រជុំ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងឲ្យដឹងថារដ្ឋបាលខេត្តកណ្ដាលនិងផ្អាកការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប ឆ្នាំ២០២៥នេះដើម្បីអនុវត្តតាមរាជរដ្ឋាភិបាលក្នុងការបន្តការអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលបានវិលត្រឡប់ចូលមកប្រទេសកម្ពុជាយើងវិញ។
ឯកឧត្ដម ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៦ អាណិត្តទី៤។
ឯកឧត្តម នូ សាខន ក៏បានអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរ ក្រុង-ស្រុក ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការកាពារសណ្ដាប់ធ្នាប់ក្នុងការរៀបចំដាក់ឱ្យដំណេីរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់4F ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងមកនេះ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំនេះក៏បានអំពាវនាវដល់អាជ្ញាធរ ក្រុង ស្រុក និងកម្លាំងមានសមត្ថកិច្ចត្រូវខិតខំបន្តយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាអាកាសយានដ្ឋានតេជោ ដែលជាព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ សូមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ។ យើងទាំងអស់គ្នាត្រូវធ្វើជាគម្រូល្អឱ្យសាកសមជាប្រជាពលរដ្ឋខ្មែរ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។
សូមបញ្ជាក់ថាៈ កិច្ចប្រជុំ ក្រុមប្រឹក្សាខេត្តនេះគឺធ្វើការពិនិត្យ ពិភាក្សា អនុម័ត ទៅលើរបាយការណ៍លទ្ធផលការងារ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន៨របៀបវារៈ សំខាន់ៗផងដែរ។








