(ខេត្តកណ្តាល)៖ នៅសៀលថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ០១គ្រួសារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១នឹង៣០នាទី បណ្ដាឲ្យ ស្រ្តីចាស់ជរាម្នាក់ស្លាប់ ជាម្ចាស់ផ្ទះក្នុងពេលកើតហេតុ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមជម្រាបថាៈប្រសាសន៍សំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានចូលរួមរំលែកទុក្ខ និងនាំមកនូវការផ្ដាំផ្ញើសាកសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។ គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ដែលបានគិតគូរ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមមួយដ៏ល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់មកផ្តល់ជូនដល់ប្រជាជនរងគ្រោះនាពេលនេះ ទោះបីវាមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។ ឯកឧត្ដមក៏បានផ្តល់នូវការលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង គឺមិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តការខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។
ជាមួយគ្នានេះផងដែរឯកឧត្ដមប្រធាន បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងបង្ការ និងពន្លត់អគ្គីភ័យទាំងអស់ ដែលបានសហការគ្នាល្អ ក្នុងការជួយពន្លត់អគ្គីភ័យមិនឱ្យមានការឆេះរាលដាលដល់ផ្ទះអ្នកដទៃថែមទៀត។
អំណោយដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះ ទទួលបានដូចជា៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខកំប៉ុង ១យួរ ,ឃីត ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ៤ លានរៀល។