រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី នៅដើមសប្តាហ៍នេះ ដើម្បីស្នើឲ្យទីក្រុងគួឡាឡាំពួ ជួយដោះស្រាយបញ្ហាភាគខាងត្បូង និងគាំទ្រចំពោះការរៀបចំកិច្ចចរចា រវាងរដ្ឋាភិបាលទីក្រុងបាងកក ជាមួយក្រុមផ្តាច់ខ្លួន ដើម្បីឈានឆ្ពោះទៅរកសន្តិភាព។
ជុំវិញរឿងនេះ គេហទំព័រ Bernama បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Datuk Seri Mohamad Hasan ដែលនិយាយកាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ថា ម៉ាឡេស៊ី ក៏ឯកភាព ហើយប្រកាសថា ក្នុងនាមជាអ្នកសម្របសម្រួល ទីក្រុងគូឡាឡាំពួ នឹងបន្តជួយដល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដើម្បីជំរុញកិច្ចចរចាសន្តិភាព រវាងរដ្ឋាភិបាលទីក្រុងបាងកក ជាមួយក្រុមប្រដាប់អាវុធភាគខាងត្បូងថៃ ឲ្យឈានទៅរកលទ្ធផល កាន់តែវិជ្ជមាន។
លោកបន្តថា ទីក្រុងគូឡាឡាំពួ ក៏ប្រហែលជាជួយប្រែក្លាយតំបន់ជម្លោះនោះ ឱ្យទៅជាតំបន់សន្តិភាពវិញ និងជាតំបន់សម្រាប់ការអភិវឌ្ឍព្រំដែនរួមគ្នា រវាងម៉ាឡេស៊ី និងថៃ ទៀតផង។
ទន្ទឹមនោះដែរ ចំពោះលោក Sihasak វិញ ត្រូវបានដកស្រង់សម្តីដោយ Bangkok Post ដែលថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចនោះថា ទីក្រុងគូឡាឡាំពួ បានប្តេជ្ញាចិត្ត ធ្វើការជាមួយថៃ លើការពង្រឹងសន្តិសុខព្រំដែន និងរៀបចំដំណើរការកិច្ចចរចាសន្តិភាព ព្រមទាំងពិភាក្សាអំពីគម្រោងសង់របងព្រំដែន ជាមួយគ្នាផងដែរ ហើយត្រៀមផ្តល់ជំនួយគ្រប់បែបយ៉ាង៕
ប្រភព៖ Bernama & Bangkok Post
