(ខេត្តបន្ទាយមានជ័យ)៖ សភារាជ ព័ត៌មាន G M News
នៅថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិរង់ចាំ នៅក្នុងបរិវេណភូមិរង់ចាំទី៦ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថាៈ នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត លោកជំទាវ សមាជិកសមាជិកាគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. អលស្ដារ និងប្រជាពលរដ្ឋដែលតាំងទីលំនៅ ក្នុងភូមិរង់ចាំទាំង៦ផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំង ឯកឧត្តម លោកជំទាវ និងគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងសួរ សុខទុក្ខ ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ ព្រមទាំងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ ក្នុងភូមិរង់ចាំនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងបាននាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចទាំងពីរជូនចំពោះប្រជាពលរដ្ឋដែលកំពុងតាំង ទីលំនៅ ក្នុងភូមិទាំង៦នេះ ក្នុងនោះ ឯកឧត្តមបានរំលេចថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់កីឡាបាល់ទាត់ជាមួយសកម្មភាពសប្បុរសធម៌ ដើម្បីបំផុសចលនា និងកៀរគរការចូលរួមពីសំណាក់សប្បុរសជន និងសាធារណជន តាមរយៈការបរិច្ចាគថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាតាមលទ្ធភាព សម្រាបចូលរួមចំណែកផ្តល់ការយកចិត្តទុកដាក់ នៃក្តីស្រឡាញ់ និងការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ ក្នុងភូមិរង់ចាំទាំង៦នេះតែម្តង។




