ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា

(ខេត្តកណ្តាល)សភារាជ ព័ត៌មាន G M News

នៅថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាត់លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាង ដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយច្បាប់ដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដែលសមាសភាពចូលរួមមាន លោកស្នងការរងផែនការងារជំនាញពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលទាំង១៣ស្រុក-ក្រុង លោកអធិការរងជំនាញទាំង៥ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ឃុំ សង្កាត់។

សូមជម្រាបថាៈ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ លោកឡាក់ ម៉េងធី ស្នងការរងខេត្តបានមានប្រសាសន៍ថា ការប្រជុំផ្សព្វផ្សាយនាពេលនេះ គឺផ្ដោតសំខាន់ទៅលើការអនុវត្តច្បាប់របស់រដ្ឋបាលស្រុកកៀនស្វាយ ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ការពង្រឹងការគ្រប់គ្រងជនបរទេស ជំរុញឱ្យមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន ក្តាប់ឱ្យបានច្បាស់លាស់នូវស្ថិតិ និងមុខសញ្ញាជនបរទេសដែលកំពុងស្នាក់នៅតាមបណ្តាផ្ទះជួល ខុនដូ ឬទីតាំងស្នាក់នៅប្រមូលផ្តុំនានា ដើម្បីការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ លើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងតំបន់ដែលមានជនបរទេសរស់នៅច្រើន ត្រូវពង្រឹងចំណងសាមគ្គីភាព និងការផ្លាស់ប្តូរព័ត៌មានរវាងផែនការងារជំនាញ ទាំងបួន សេនាធិការ, អន្តោប្រវេសន៍, អត្តសញ្ញាណកម្ម និងប៉ុស្តិ៍រដ្ឋបាល និងផែនការងារផ្សេងៗ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហាកើតឡើងជាយថាហេតុ។

លោកស្នងការរងខេត្ត ក៏បានសង្កត់ធ្ងន់ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាអ្នកនៅកៀកផ្ទាល់ជាមួយមូលដ្ឋាន ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជនបរទេសឱ្យបានទៀងទាត់ និងត្រឹមត្រូវបំផុត ទន្ទឹមនឹងនោះអធិការក្រុង-ស្រុក ត្រូវធ្វើជាសេនាធិការក្នុងការដឹកនាំ និងត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់មន្ត្រីក្រោមឱវាទឱ្យមានតម្លាភាព និងវិជ្ជាជីវៈ ដើម្បីធានាថាគ្រប់ទីតាំងស្នាក់នៅរបស់ជនបរទេសនៅក្នុងស្រុកកៀនស្វាយ ត្រូវគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងមូលផងដែរ។










Previous Post Next Post