(ខេត្តបន្ទាយមានជ័យ) ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើស Online Scams នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួនទៀត។
សូមជម្រាបថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាប Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ពីការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ច្បាប់មានហើយដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ។
ជាមួយគ្នានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយសម្រេចបានលទ្ធផលធំៗជាច្រើនផងដែរ៕






