កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៥ ជូនសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

សភារាជ ព័ត៌មាន G M News
(រាជធានីភ្នំពេញ) ៖ នៅថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅបានចាត់ឱ្យលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា និងសហការី ចុះជួបសំណេះសំណាលសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ជាលើកទី៥ ជួយសម្រាលការលំបាកដល់ជនពិការភាពចំនួន ៩០នាក់ នៃសមាគមវិទ្យុនិងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក(VOB) FM94.70MHz នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបថាៈ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនៗ ក្មួយៗ ដោយក្តីនឹករលឹក និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។ ក្នុងថ្ងៃនេះដោយតបតាមការស្នើរសុំរបស់បងប្អូនៗក្មួយៗនៃសមគមជារៀងរាល់ឆ្នាំទទួលបានពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដូចជាស្បៀង និងថវិកាសម្រាប់ជួយឧបត្ថម្ភដល់សកម្មភាពនិងការរស់នៅជាប្រចាំថ្ងៃរបស់ប្អូនៗក្មួយៗ ដែលមានពិការភាព ជាក់ស្តែងចាប់ពីតាំងឆ្នាំ២០២៣មក នេះជាលើកទី៥ហើយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឱ្យក្រុមការងារចុះមកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនសម្រាប់ជួយដោះស្រាយសម្រាលការលំបាកផ្នែកជីវភាពជូនដល់ប្អូនៗនិងក្មួយៗ។ លោកវេជ្ជបណ្ឌិតបន្ថែមថា « កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគាំទ្រនូវសកម្មភាពរបស់សមាគម ក៏ដូចជាមណ្ឌលកុមារកំព្រា ជាមួយគ្នានេះលោកបានចាត់ក្រុមការងារនៃទីស្នាក់ការកណ្តាល ចុះសួរសុខទុក្ខចាស់ជរាឥតទីពឹង កុមារកំព្រា ជនរងគ្រោះនិងងាយរងគ្រោះបំផុត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការនៅក្នុងការកៀរគររកមូលនិធិក្នុងឱកាសទិវា ៨ ឧសភា ដើម្បីបង្ហាញជូនសប្បុរសជនថា ថវិកាដែលយើងបានទទួលពីសប្បុរសជន គឺតែងតែបានទៅដល់ដៃអ្នករងគ្រោះបំផុត និងអ្នកដែលត្រូវការឱ្យជួយពិតប្រាកដមែន»។ ទន្ទឹមនោះលោកវេជ្ជ.បានជម្រាបជូនថា កន្លងមកនិងពេលថ្មីៗនេះ យើងបានជួបប្រទះនូវវិបត្តិជាច្រើនទាំងតំបន់និងសកល ដូចនេះក្នុងឱកាសទិវា ៨ ឧសភា ២០២៦ កាកបាទក្រហមកម្ពុជា បន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានមេត្តាអញ្ជើញចូលរួមបរិច្ចាគនូវធនធាននិងថវិកាតាមសទ្ធាជ្រះថ្លានិងតាមការស្ម័គ្រចិត្ត ដើម្បីឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពបំពេញសកម្មភាពមនុស្សធម៌តទៅមុខទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម សែម សំណាង អគ្គនាយកសមាគមវិទ្យុនិងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក តាងនាមឱ្យបុគ្គលិកនៃសមាគម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយក្តីសមនស្សរីករាយ ដោយបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកសួរសុខទុក្ខដោយផ្ទាល់ដល់ទីកន្លែង និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដ៏កក់ក្តៅដល់ប្អូនៗ ក្មួយៗទាំងអស់គ្នា និងនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលជិតចូលមកដល់ សូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៌ ជន្មាយុយឺនយូរ និងជាម្លប់ដល់កូនចៅឱ្យបានយូរអង្វែងជារៀងរហូត។

សូមបញ្ជាក់ផងដែរថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក មាននៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី។ ដោយមើលឃើញពីសេចក្តីត្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខផងនោះ ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភជូនសមាគមនាពេលនេះ រួមមាន៖ អង្ករ ២តោន, មី ២០កេស, ត្រីខ ២កេស, ទឹកត្រី ៦០ដប,ទឹកស៊ីអ៊ីវ ៦០ដប, ឆៃពៅ ២០កំប៉ុង, ប្រេងឆា ២កេស, ទឹកបរិសុទ្ធឱរ៉ាល់ ១០កេស, ភេសជ្ជៈវីកូឡា ១០កេស,ក្រូចខ្វិច ៣កេស និងថវិកា ៥លានរៀល។







Previous Post Next Post