គោលដៅចំនួន៣នៃឯកសារផែនទីបង្ហាញផ្លូវស្តីពីសហភាពសហព័ន្ធយុវជនកម្ពុជា២.០ ឆ្ពោះទៅឆ្នាំ២០២៨

 ចេញផ្សាយ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៦

ឯកសារផែនទីបង្ហាញផ្លូវស្តីពីសហភាពសហព័ន្ធយុវជនកម្ពុជា២.០ ឆ្ពោះទៅឆ្នាំ២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលផែនទីបង្ហាញផ្លូវនេះ គឺជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែលដែលបន្សល់ទុកពីអតីតយុវជន ជំនាន់២ធ្នូ និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ឈរលើគោលការណ៍ “ពីកេរ្តិ៍ដំណែល ទៅសមិទ្ធផលថ្មី”។

ការសម្រេចប្រកាសដាក់ឱ្យអនុវត្តឯកសារផែនទីបង្ហាញផ្លូវស្តីពីសហភាពសហព័ន្ធយុវជនកម្ពុជា២.០ ឆ្ពោះទៅឆ្នាំ២០២៨នេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងឯកសារទស្សនាទាននេះ ត្រូវបានធ្វើសិក្ខាសាលាប្រមូលធាតុចូល ព្រមទាំងឆ្លងកាត់បទអន្តរាគមន៍លើប្រធានបទសំខាន់ៗចំនួន៣ ទាក់ទងទៅនឹងការពង្រឹងរចនាសម្ព័ន្ធស.ស.យ.ក. ក្នុងបរិបទ២.០ ការសម្រួចខ្លឹមសារដើម្បីការកសាង និងការបង្ហាញអត្តសញ្ញាណស.ស.យ.ក. ក្នុងបរិបទ២.០ និងប្រធានបទស្តីពី យុទ្ធសាស្រ្តក្នុងការបង្កើនផ្សព្វផ្សាយសកម្មភាពរបស់ស.ស.យ.ក. ឱ្យកាន់តែទូលំទូលាយ ដើម្បីកែប្រែសហភាពសហព័ន្ធយុវជនកម្ពុជា ទៅជាស្ថាប័នដែលមានគុណតម្លៃស្របតាមបរិបទនៃការវិវត្តសេដ្ឋកិច្ច និងសង្គមកិច្ចដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុដ៏ត្រឹមត្រូវនៃការប្រមូលផ្តុំធនធានយុវជនសម្រាប់ប្រទេសកម្ពុជា និងមានទិសដៅសម្រួច និងពង្រឹង ស.ស.យ.ក. ឲ្យក្លាយជាស្ថាប័នមួយដែលមានសក្តានុពល ស្របតាមបរិបទសង្គម។

សូមបញ្ជាក់ថា គោលដៅសំខាន់៣នៃឯកសារផែនទីបង្ហាញផ្លូវស្តីពីសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ គឺជាវិធីសាស្រ្តនៃការពង្រឹងបន្ថែមដើម្បីសម្រេចបានបុព្វហេតុរបស់ខ្លួន តាមរយៈទីមួយគឺដើម្បីពង្រឹងរចនាសម្ព័ន្ធស.ស.យ.ក.។ ទីពីរគឺដើម្បីសម្រួចខ្លឹមសារ និងទីបីគឺដើម្បីប្រើប្រាស់យុទ្ធសាស្រ្តផ្សព្វផ្សាយ ឈានទៅកៀរគរយុវជន យុវនារី ឱ្យចូលរួមជាមួយស.ស.យ.ក. ក្នុងគោលបំណងសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្ត យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨។(ប្រភព ក្រសួងព័ត៌មាន)




Previous Post Next Post