លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

(ខេត្តកណ្តាល)៖ នៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អគារសិក្សាថ្មីមានចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នេះ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះអគារសិក្សាថ្មីនេះអាចនឹងបម្រើរដល់ការបង្ហាត់បង្រៀនកុមារអូទីស្សឹមកម្ពុជា ដែលមានចំនួនជាង ៣០០នាក់ កំពុងសិក្សានៅក្នុងវិទ្យាល័យនេះផងដែរ គិតមកត្រឹមឆ្នាំ២០២៥ ហើយនឹងជាកន្លែងព្យាបាលដល់កុមារអូទីស្សឹមឱ្យមានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹងក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជាយើង។

ក្នុងឱកាសប្រកបដោយក្តីរីករាយចំពោះសមិទ្ធផលថ្មីនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសនេះ ដែលបានស្រឡាញ់ អត់ធ្មត់ និងលះបង់កម្លាំងកាយចិត្តបង្ហាត់បង្រៀនដល់កុមារអូទីស្សឹមទាំងអស់ ព្រោះការអប់រំដល់កុមារអូទីស្សឹមគឺត្រូវការជំនាញពិសេសបំផុតមួយ។

សូមបញ្ជាក់ផងដែរថា អូទីស្សឹមជាជំងឺប្រព័ន្ធប្រសាទមួយប្រភេទកើតឡើងលើកុមារដែលគាត់មានការលូតលាស់ខាងសតិបញ្ញាយឺត មានសមត្ថភាពខ្សោយក្នុងការរស់នៅ មានទំនាក់ទំនងទាបបំផុត និងកត្តាសុខភាពផ្សេងស្តែងចេញតាមចរិតលក្ខណៈប្លែកៗរបស់គាត់។ ទោះជាយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងខិតខំលើកកម្ពស់វិស័យអប់រំទូទាំងប្រទេស ជាពិសេសការអប់រំពិសេសដល់កុមារអូទីស្សឹមកម្ពុជា ដោយមានការផ្គត់ផ្គង់ទាំងទីកន្លែង សម្ភារៈបរិក្ខារចាំបាច់គ្រប់បែបយ៉ាង បច្ចេកទេស និងសមត្ថភាពបង្ហាត់បង្រៀនយ៉ាងពិសេស ដើម្បីធានាថា កុមារទាំងនេះនឹងល្អប្រសើរ អាចក្លាយជាធនធានមនុស្សសម្រាប់ជាតិ។










Previous Post Next Post