គណៈប្រតិភូខេត្តកណ្តាល អញ្ជើញផ្តល់ព្រះអគ្គីជូនសព លោកអនុសេនីយ៍ត្រី សែម គាលី បានពលីជីវិតនៅសមរភូមិមុខ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ពួកកងទ័ពថៃ

(ខេត្តកណ្ដាល)៖ នារសៀលថ្ងៃសុក ១៤រោច ខែមគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈប្រតិភូខេត្តកណ្តាល ដឹកនាំដោយឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត បានអញ្ជើញផ្ដល់ព្រះអគ្គីជូនសព លោកអនុសេនីយ៍ត្រី សែម គាលី មេបញ្ជាការកងអនុសេនាតូចទី១ កងអនុសេនាធំល្បាតទី៥ កងការពារព្រំដែន៥០៣ នៃយោធភូមិភាគទី៥ ដែលបានពលីជីវិតនៅសមរភូមិមុខ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៩ឆ្នាំ ពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងបរិវេណ វត្តទឹកវិល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ គណៈប្រតិភូទាំងអស់ សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគសោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ លោកវិរៈសេនីយ៍ត្រីសែម គាលី ដែលជាវិរៈកងទព័ដ៏ក្លាហានការពារទឹកដី មិនត្រឹមតែជាការបាត់បង់ប្អូនប្រុសជាទីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលតែងតែបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ខ្មាំងសត្រូវថៃ ហៅពួកចោរសៀម។ វីរៈភាពដ៏អង់អាចក្លាហានរបស់ លោកវិរៈសេនីយ៍ត្រីរូបនេះ នៅក្នុងសមរភូមិការពារជាតិ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ ថ្លៃថ្លារបស់វិរៈកងទព័ខ្មែរយើងនេះ។ 

ក្នុងឱកាសនោះគណៈប្រតិភូខេត្តកណ្តាល សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ណាត់ ស៊ីជីន បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។










Previous Post Next Post