(ខេត្តកណ្តាល)៖ បន្ទាប់ពីទទួលបានការស្នើរសុំពីប្រជាពលរដ្ឋ ចំនួន២ភូមិ ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ឯកឧត្តមអភិបាលខេត្តក៏បានដឹកនាំក្រុមការងារជំនាញចុះមកដល់ចំណុចចាក់ដីលុបព្រែកដើម្បីធ្វើការត្រួតពិនិត្យមើលជាក់ស្តែង នូវពេលនោះឃើញថាមានការចាក់ដីលុបព្រែកពិតប្រាកដមែនដូចដែលប្រជាពលរដ្ឋបានស្នើរសុំជួយអន្តរាគមន៍ផងដែរនោះ។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តកណ្តាល ក៏បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានស្រុកកៀនស្វាយនិងមន្ទីរជំនាញពាក់ពន្ធធ្វើការយកគ្រឿងចក្រមកធ្វើការជីកកាយស្តារព្រែកនេះឡើងវិញភ្លាមៗផងដែរ ដើម្បីជាផ្លូវទឹកសម្រាប់រំដោះជំនន់ទឹកភ្លៀងមិនឲ្យមានការលិចផ្ទះសម្បែង និងសាលារៀន ផលដំណាំគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋបន្តទៀត។ លុះដល់ថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ទើបអាជ្ញាធរមូលដ្ឋានស្រុក និងក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋចំនួន ២ភូមិ ក្នុងនោះមានភូមិឬស្សីស្រុក និងភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានអញ្ចើញចូលរួមអបអរសាទរ ក្នុងចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្តកណ្តាល ដែលបានជួយធ្វើអន្តរាគមន៍ អនុវត្តតាមការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាលោកគ្រូ អ្នកគ្រូ និងលោកនាយកសាលារៀនបឋមសិក្សាឬស្សីស្រុកស្នើរសុំ។ ដែលនាពេលកន្លងមកតែងតែមានការលិចលង់ផ្ទះសម្បែង សាលារៀន និងផលដំណាំគ្រប់ប្រភេទរបស់ពួកគាត់ដោយសារតែជំនន់ទឹកភ្លៀងក្នុងរដូវវស្សារយះពេលពី ៦ខែទៅ៧ខែ នោះ។
បើយោងតាមលោកនាយកសាលាបឋមសិក្សាឬស្សីស្រុកបានឲ្យដឹងថាៈ បច្ចុប្បន្ននេះរូបលោកមានក្តីត្រេកអរជាខ្លាំង ដោយឃើញចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានស្រុកនិងមន្រ្តីជំនាញពាក់ពន្ធ អនុវត្តធ្វើសកម្មភាពជីកកាយស្តារព្រែកនេះឡើងវិញ ដែលជាផ្លូវទឹកសម្រាប់រំដោះជំនន់ទឹកភ្លៀងជៀសវាងការលិចលងផ្ទះសម្បែង ជាពិសេសដូចជាសាលារៀនដែលនាំឲ្យមានការលំបាកដល់សិស្សក្នុងការចូលរៀនសូត្រ និងអាចមានបរិស្ថានមិនល្អ ឬក៏អាចបណ្តាលឲ្យមានហារនិភយ័ផ្សេងៗកើតឡើងផងដែរ។
នាឱកាសនោះដែរ ប្រជាពលរដ្ឋចំនួន ២ភូមិខាងលើនេះបានឲ្យដឹងថាៈ ពួកគាត់មានចិត្តសប្បាយរីករាយជាខ្លាំងចំពោះចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្ត ពួកគាត់សូមគាំទ្រទាំងស្រុង ដែលឯកឧត្តមបានជួយពីទុក្ខលំបាកដល់ពួកគាត់នាពេលនេះ ពីព្រោះទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិចំនួន២នេះ គឺវាច្រើនខែច្រើនឆ្នាំមកហើយ ដោយសារតែលោកធំម្នាក់នេះ ក៏ថ្លើមធំណាស់ហ៊ានចាក់ដីរំលោភបំពានលុបព្រែកដែលជាផ្លូវទឹកសម្រាបរំដោះជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំផងដែរ។(សម្រួលដោយខ្មែរ រំភើយ)








