មន្ទីរព័ត៌មានខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារ ឆ្នាំ ២០២៦

ប៉ៃលិន៖ នៅរសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៥ មន្ទីរព័ត៌មានខេត្តប៉ៃលិនបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឃួន វិចិត្រ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន ជាមួយនឹងវត្តមានរបស់ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងឯកឧត្តមបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត មន្ត្រីនាំពាក្យរដ្ឋបាលខេត្ត យុវជនស្ម័គ្រចិត្តវិស័យព័ត៌មាន និងភ្នាក់ងារសារព័ត៌មានប្រចាំខេត្តជាច្រើនរូបទៀតផង។

លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានធ្វើបទបង្ហាញសង្ខេបលទ្ធផលការងាររយៈពេល១ឆ្នាំ (២០២៥) ដែលមន្ទីរបានអនុវត្តន៍តួនាទី និងភារកិច្ចយ៉ាងសកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយចុះយកព័ត៌មាន ថតរូបភាព តែងនិពន្ធ និងចងក្រងអត្ថបទផ្សព្វផ្សាយ ផលិតកម្មវិធី និងស្ប៉តផ្សព្វផ្សាយតាមវិទ្យុ FM ជាតិ–បណ្ដាញ ទូរទស្សន៍ខេត្ត ទូរទស្សន៍ខ្សែកាបឯកជន គេហទំព័រ បណ្តាញសង្គម និងបញ្ជូនឯកសារផ្សព្វផ្សាយទៅក្រសួង និងស្ថាប័នជាតិជាបន្តបន្ទាប់។

តាមរយៈមុខងារទាំងនេះ មន្ទីរបានបន្តគ្រប់គ្រងប្រព័ន្ធព័ត៌មាន សារព័ត៌មាន និងសាធារណៈមតិ ក្នុងខេត្តយ៉ាងប្រកបដោយទំនួលខុសត្រូវ។

ក្នុងឱកាសនេះ លោក ញ៉ឹប បូរី បានថ្លែងអំណរគុណជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ដែលតែងតែគាំទ្រនិងផ្តល់ឧបត្ថម្ភតាមបច្ចេកទេស និងសម្ភារៈដល់មន្ទីរ ដែលជាកត្តាសំខាន់ជួយលើកកម្ពស់វិស័យព័ត៌មានក្នុងខេត្តឱ្យមានការរីកចម្រើន។

លោក សោ សុវណ្ណ អភិបាលរង និងអ្នកនាំពាក្យរដ្ឋបាលខេត្ត បានលើកឡើងពីការខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ ការដាំដើមឈើ–ផ្កា និងការធ្វើអនាម័យបរិស្ថាន ដើម្បីលើកសោភ័ណភាពទីក្រុង និងទាក់ទាញភ្ញៀវទេសចរជាតិ–អន្តរជាតិ ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ជា លីសែ បានផ្តាំឱ្យថ្នាក់ដឹកនាំ–មន្ត្រីព័ត៌ព័ត៌មាន និងសារព័ត៌មានក្នុងខេត្ត បន្តផ្សព្វផ្សាយព័ត៌មានដែលពិតត្រឹមត្រូវ ឆ្លុះបញ្ចាំងសមិទ្ធផល និងសក្តានុពលរបស់ខេត្ត–រដ្ឋាភិបាល ព្រមទាំងចៀសវាងការផ្សាយព័ត៌មានក្លែងក្លាយ ដែលប៉ះពាល់ដល់រូបភាពខេត្ត និងប្រទេសជាតិ។

ចុងក្រោយ ឯកឧត្តម ឃួន វិចិត្រ បានលើកឡើងថា រដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ច្រើនដល់ក្រសួងព័ត៌មាន និងវិស័យសារព័ត៌មានឱ្យបន្តលើកកម្ពស់ក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីធានាភាពទុកចិត្ត និងសមត្ថភាពផ្តល់ព័ត៌មានគ្រប់មជ្ឈដ្ឋាន តាមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ដែលរៀបចំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ដោយ៖ កឹមឈៅ










Previous Post Next Post