(ខេត្តកណ្តាល)៖ នៅថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣ភូមិ និងបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ដើម្បីទុកឲ្យធ្វើការពិនិត្យ គឺភូមិព្រែកតាទេព ភូមិព្រែកលួង និងភូមិព្រែកថោង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
សូមជម្រាបថាៈ នៅក្នុងអង្កពិធី ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថាៈការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ក្បាលដីនិមួយៗមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន។
ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថាៈការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវរួសរាន់មកពិនិត្យឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមបានបន្តថាៈក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដី ពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។
ឯកឧត្តម ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ឯកឧត្តម ក៏បានក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។
លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំពោះក្រុងអរិយក្សត្រ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន១២លើក រួចមកហើយ ហើយការបិទផ្សាយនាពេលនេះមាន គឺជាលើកទី១៣ ដែលមានចំនួន ៣ភូមិ គឺភូមិព្រែកតាទេព ភូមិព្រែកលួង និងភូមិព្រែកថោង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ សរុបមានចំនួន ៣, ៧៧៦ ក្បាលដី។រយៈពេល១៥ថ្ងៃ នេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ឬតវ៉ាចំពោះចំណុចណាមួយដែលមិនត្រឹមត្រូវបាន ជាមួយមន្ត្រីសុរិយោដីដែលនៅប្រចាំការនៅទីនេះ។







