បិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ និងបើកវគ្គបន្តជំនាន់ទី៣២, នាយឧត្តមសេនីយ៍ ស ថេត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស ជាដៃគូសហការគ្នាយ៉ាងជិតស្និត រឹងមាំ មិនអាចខ្វះបាន និងបំពេញឲ្យគ្នាទៅវិញទៅមក

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងដោយចាត់ទុកថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស គឺជាដៃគូសហការគ្នាយ៉ាងជិតស្និត រឹងមាំ មិនអាចខ្វះបាន និងជួយបំពេញឲ្យគ្នាទៅវិញទៅមកតាំងពីពេលកន្លងមក ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដើម្បីសម្រេចជោគជ័យក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

នាឱកាសអញ្ជើញជាតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ និងបើកវគ្គបន្តជំនាន់ទី៣២ រួមជាមួយវគ្គជំនាញពិសេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋាន​ អង្គរក្ស នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា វត្តមានរបស់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិនៅពេលនេះ គឺជាសក្ខីភាព នៃការបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងភាតរភាពយ៉ាងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានអង្គរក្ស។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស ត្រូវបន្តពង្រឹងកិច្ចសហការល្អប្រសើរ និងរឹងមាំ រវាងអង្គភាពទាំងពីរ ក្នុងការបំពេញ ភារកិច្ចស្នូលដើម្បីធានាសន្តិសុខ និងសុវត្ថិភាពថ្វាយ ព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមគ្រួសារ រួមទាំងកិច្ចសហការក្នុងការបំពេញភារកិច្ចសំខាន់ៗផ្សេងទៀត ឲ្យសម្រេចបានជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស ត្រូវបន្ដរួមគ្នាពង្រឹង កិច្ចសហការ ដើម្បីធានា និងការពារឲ្យបានដាច់ខាតនូវសុវត្ថិភាពជូន សម្តេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងក្រុមគ្រួសារ។

អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានថ្លែងអំណរគុណអគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ, មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអាជ្ញាធរដែនដី និងសា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋាន អង្គរក្ស ដែលកន្លងមកបានផ្តល់កិច្ចសហការយ៉ាងស្អិតរមួត ជាមួយកងកម្លាំងនគរបាលជាតិ ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម ទប់ស្កាត់បាននូវ រាល់ចលនាប្រឆាំងនានា ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។

បើតាមនាយឧត្តមសេនីយ៍ ស ថេត, ជាលទ្ធផលកន្លងមក គឺបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងកិច្ចសហការការពារសន្តិសុខ និងព្រះរាជសុវត្ថិភាពថ្វាយអង្គព្រះមហាក្សត្រ សុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ រួមទាំងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សម្រាប់ព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានានៅទូទាំងប្រទេសបានល្អយ៉ាងប្រសើរ ដោយបានលើកស្ទួយកិត្តិយស កិត្យានុភាព និងឧត្តមភាពរបស់កម្ពុជា នៅលើឆាក អន្តរជាតិថែមទៀតផង។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងទៀតថា ក្នុងស្ថានភាពដែលកងកម្លាំងនគរបាលការពារព្រំដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងសហការប្រកៀកស្មាគ្នា ជាមួយកងយោធពលខេមរភូមិន្ទ ឈរជើងប្រចាំការនៅសមរភូមិមុខ ដើម្បីតស៊ូប្រយុទ្ធជាមួយនឹងសត្រូវឈ្លានពាន ក្នុងកិច្ចការពារអធិតេយ្យភាពជាតិ និងបូរណភាពទឹកដីនោះ បញ្ជាការដ្ឋានអង្គរក្ស ក៏បានរួមចំណែកបំពេញបេសកកម្មដ៏ពិសិដ្ឋ ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យជាតិ និង បូរណភាពទឹកដីផងដែរ។

ជាក់ស្តែង តាមរបាយការណ៍ដែលបានលើកឡើងដោយលោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានបញ្ជាក់ថា ក្នុងជម្លោះប្រដាប់អាវុធនៅ តាមព្រំដែនកម្ពុជា-ថៃ បញ្ជាការដ្ឋានអង្គរក្ស ដែលបំពាក់ដោយសព្វាវុធធុនធ្ងន់ និងធុនស្រាលគ្រប់ប្រភេទ ក្រោមការដឹកនាំបញ្ហាផ្ទាល់ដោយនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង បានចូលរួមតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពាន យ៉ាងអង់អាចក្លាហាន និងកំពុងឈរជើងយ៉ាងរឹងមាំ នៅសមរភូមិទិសយោធភូមិភាគទី៤ ដើម្បីប្រឆាំងនិង ទប់ស្កាត់ការឈ្លានពានពីបរទេស។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់សិក្ខាកាមជ័យលាភីទាំងអស់ត្រូវយកសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅបំពេញភារកិច្ចរបស់ខ្លួនដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងក្រុមគ្រួសារឲ្យសម្រេចបានជោគជ័យនៅគ្រប់កាលៈទេសៈទាំងអស់ ព្រមទាំងចូលរួមចំណែក ក្នុងកិច្ចការងារសង្គមនានា ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ឲ្យបានល្អប្រសើរ។ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនសិក្ខាកាមជ័យលាភីទាំងអស់ ត្រូវតែមាន ភក្ដីភាព គោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធិមនុស្ស

និងរក្សាការ សម្ងាត់ជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។

ដោយឡែក សិក្ខាកាមដែលត្រូវចូលសិក្សា និងហ្វឹកហាត់ក្នុងវគ្គបណ្តុះបណ្តាលថ្មីជំនាន់ទី៣២ និងវគ្គជំនាញពិសេស ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្រាវជ្រាវ ខាងផ្នែកទ្រឹស្តី និងខិតខំហ្វឹកហាត់លើការងារអនុវត្តជាក់ស្ដែង ព្រមទាំងគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ ដើម្បីឲ្យការសិក្សាទទួលបានជោគជ័យ និងទទួលបានការកោតសរសើរលើកទឹកចិត្តពីថ្នាក់ដឹកនាំ។











Previous Post Next Post