(ខេត្តកណ្តាល)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៤ ដែលរៀបចំនៅស្រុកល្វាឯម ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល។
មានប្រសាសន៍ក្នុងអង្គវេទិកា ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា៖វេទិកាសាធារណៈនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះឯកឧត្តម បានលើកទឹកចិត្តដល់តំណាងបងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានានៅក្នុងវេទិកានេះឲ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត។
ឯកឧត្តមបានបន្ថែមថា៖ វេទិកានេះផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ បានលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ មតិនានាសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ស្របទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និង រដ្ឋបាលឃុំ សង្កាត់ អោយកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ ចំពោះតំណាងប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ។ ឆ្លើយតបទៅនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត បានធ្វើការដោះស្រាយនូវសំណើ និងសំណូមពរមួយចំនួនជាក់ស្ដែង នៅសល់មួយចំនួនទៀត ទទួលយកដើម្បីពិនិត្យនិងដោះស្រាយបន្ត។
សូមបញ្ជាក់ថា ក្នុងវេទិការនេះ ទទួលបានសំណើរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ២១ (ស្ទួន១)ដែលមានអ្នកចូលរួមជាង ៥៥៣នាក់។ ក្នុងនោះសំណើរ និងសំណូមពរ ក្នុងផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សរុបចំនួន ៣ ផ្នែកសេដ្ឋកិច្ច សរុបចំនួន១០(ស្ទួន១) ផ្នែកសង្គមកិច្ច សរុបចំនួន៣ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ សរុបចំនួន៥ ដែលសំណើរ និងសំណូមពរទាំងនោះត្រូវបាន ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្តទទួលយក ព្រមទាំងបានឡើងធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។







