(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើ ដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវរួមគ្នាពិនិត្យ និងផ្ដល់ជាមតិយោបល់ ទៅលើសេចក្តីព្រាងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ឱ្យបានលម្អិតបន្ថែមទៀត ជាពិសេសទៅលើថវិកាប្រើប្រាស់ក្នុងការអនុវត្តគម្រោងឱ្យមានលក្ខណៈសមស្រប ធានាបានថារាល់ការអនុវត្តគម្រោងគឺពិតជាមានគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់របស់មូលដ្ឋានពិតប្រាកដ ដើម្បីដាក់ជូនដល់ក្រុមប្រឹក្សាខេត្តធ្វើការពិនិត្យ និងអនុម័តនៅពេលខាងមុខនេះ ឱ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តកណ្តាល បានស្នើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំឡើងនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ពន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១៣ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីមន្រ្តីរាជការជាច្រើនរូបផងដែរ។
សូមជម្រាបថាៈក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជាគណៈបញ្ជាការឯកភាពខេត្ត បានជំរុញដល់ទីចាត់ការ ផែនការវិនិយោគរបស់ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារលើគម្រោងនានារបស់ខេត្តឱ្យបានឆាប់រហ័សទាន់ពេលវេលា រាល់គម្រោងទាំងអស់ និងត្រូវធ្វើការពិនិត្យឱ្យបានហ្មត់ចត់ដោយផ្ដោតសំខាន់ទៅលើគុណភាព និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាងនេះទៅទៀត ត្រូវចុះសិក្សាឱ្យបានល្អិតល្អនច្បាស់លាស់ ដែលត្រូវធ្វើបញ្ជីវាយតម្លៃលើគ្រប់គម្រោងទាំងឡាយណា ដែលខេត្តបានចាត់ជាអាទិភាពឱ្យបានទាន់ពេលវេលា និងមានស្តង់ដា សម្រាប់ឱ្យក្រុង-ស្រុក យកជាគំរូតាមក្នុងការអនុវត្តគម្រោងនានាក្នុងមូលដ្ឋាន និមួយៗជាពិសេសចំពោះគម្រោងសាងសង់អាគារនានា និងការសាងសង់សាលារៀន ផ្លូវជាដើម ប្រកបដោយគុណភាពខ្ពស់ តាមស្តង់ដា។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តក៏បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងរៀបចំឱ្យមានការប្រឡងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ឆ្នើម ក្នុងឆ្នាំ២០២៥ ដើម្បីជ្រើសរើសយកការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ ដែលបានបំពេញការងារល្អជាងគេ ដើម្បីផ្តល់រង្វាន់លើកទឹកចិត្ត។ ដូច្នេះប្រធានការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ ត្រូវបង្កើនប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងត្រូវស្វែងយល់ខ្លឹមសារក្នុងតារាងសូចនាករ និងលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃក្នុងការប្រកួតប្រជែងនេះឱ្យបានច្បាស់លាស់ ដើម្បីពិភាក្សា និងសុំជាយោបល់ ពិនិត្យកែលម្អបន្ថែម ដើម្បីឈានទៅប្រកួតប្រជែងទទួលបានជ័យលាភី។ ឯកឧត្តម បន្តថា បើទោះបីជាលទ្ធផលក្នុងការប្រកួតយ៉ាងណាក៏ដោយ ការងារដែលសំខាន់នោះ គឺត្រូវយកសូចនាករទាំងនោះមកអនុវត្តតម្រង់ទិសក្នុងការកែលម្អទៅលើការងារផ្តល់សេវា សំដៅរួមគ្នាធ្វើយ៉ាងណាខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័សថែមទៀត។







