អាជ្ញាធររកមិនឃើញប្រេងឆាទាំង ៥ម៉ាកដែលវៀតណាមហាមឃាត់ នៅក្នុងទីផ្សារកម្ពុជាទេ

 (ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រកមិនឃើញប្រេងឆា៥ម៉ាក ដែលរដ្ឋបាលសុវត្ថិភាពម្ហូបអាហារ វៀតណាម (VFA) ចុះផ្សាយថា «គ្មានគុណភាព និងជាទំនិញក្លែងក្លាយ» មានលក់នៅក្នុងទីផ្សារកម្ពុជានោះទេ។

ជាក់ស្ដែង នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៥ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តរតនគិរី បានបន្តចុះពិនិត្យ ស្រាវជ្រាវស្វែងរក ផលិតផលប្រេងឆា មិនមានអនុលោមផ្នែកគុណភាព និងក្លែងក្លាយ ដែលបានប្រកាសដោយអាជ្ញាធរ សុវត្ថិភាពម្ហូបអាហារវៀតណាម។

សម្រាប់សកម្មភាពនៃប្រតិបត្តិការរយៈពេលពីរថ្ងៃនេះ មន្រ្តីជំនាញ បានចុះត្រួតពិនិត្យ ស្រាវជ្រាវ តាមបណ្ដាផ្សាររដ្ឋ ផ្សារឯកជន តូបលក់ទំនិញ ម៉ាត នៅក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តគោលដៅ ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចំនួន១០៧ទីតាំង។

ជាលទ្ធផល មន្រ្តី ក.ប.ប. មិនទាន់បានរកឃើញ ផលិតផលប្រេងឆាក្លែងក្លាយទាំង ៥ម៉ាក ដែលប្រកាសដោយអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាមនៅឡើយ។

មន្រ្តី ក.ប.ប. សហការជាមួយមន្រ្តីនៃអង្គភាពពាក់ព័ន្ធ នឹងបន្តស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក និងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះផលិតផលក្លែងក្លាយទាំងនេះ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំទិញ លក់ ឬប្រើប្រាស់ផលិតផលប្រេងឆាដែលមានម៉ាកខាងលើ និងក្នុងករណីពើបប្រទះ សូមធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App, លេខទូរសព្ទ ១២៦៦ ដើម្បីមានវិធានការតាមនីតិវិធី ឱ្យបានទាន់ពេលវេលា៕









Previous Post Next Post