(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដល់អាជីវករ និងម្ចាស់អាជីវកម្មដ្ឋានពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួម ពីសហប្រធានដឹកនាំដោយ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ជីញ គួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរអង្គភាព និងមន្រ្តីជំនាញពាក់ព័ន្ធ និងម្ចាស់ការដ្ឋានអាជីវកម្មដេប៉ូ ថ្ម គ្រួស ខ្សាច់ ដី តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន និងម្ចាស់អាជីវកម្មដ្ឋានផ្សេងៗទៀតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺសរុបចំនួន៩១នាក់។
សូមជម្រាបថាៈ នៅក្នុងកិច្ចប្រជុំនេះ គឺដើម្បី រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលមានច្បាប់ ស្តីពីការផ្លូវថ្នល់ មាត្រា២៦ មាត្រា៦០ រចនាសម្ព័ន្ធគ្រប់គ្រងរបស់គណៈកម្មាធិការដឹកជញ្ជូនលើសទម្ងន់ តាមសេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សេចក្តីជូនដំណឹងលេខ០៥២ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អំពីទម្ងន់អនុញ្ញាតផ្ទុកតាមប្រភេទយានយន្ត និងភ្លៅនីមួយៗ និងទណ្ឌកម្មពិន័យចំពោះយានយន្តដឹកលើសទម្ងន់ ដល់ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ ក្រួស តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន និងម្ចាស់អាជីវកម្មដ្ឋានផ្សេងៗទៀត បានយល់ដឹង ហើយចូលរួមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ជាធរមាន។
ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសូមបន្តចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានទូលំទូលាយបន្ថែមទៀត។
ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានស្នើដល់គ្រប់ភាគីទាំងអស់ ចូលរួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យើង និងសូមជួយផ្តល់ព័ត៌មានជាក់លាក់ ក្នុងករណីឃើញមានបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មកលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ដើម្បីក្រុមការងារចុះទៅត្រួតពិនិត្យ និងទប់ស្កាត់បានទាន់ពេលវេលា។







