(ខេត្តកណ្តាល)៖ នៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានសំណូមពរ និងណែនាំ ដល់បងប្អូនអាជីវកដែលបានដាក់តាំងលក់ដូរលើចិញ្ចើមផ្លូវ សាធារណៈសងខាង ចំណុចស្ពានព្រែកហូរ ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងបញ្ឈប់ការដាក់តាំងទំទិញលក់ដូររំលោភលើចិញ្ចើមផ្លូវ ដែលនាំឲ្យគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយ និងបង្កឲ្យមានការកកស្ទះធ្វើចរាចរណ៍។
នាឱកាសនោះ ឯកឧត្តម បានសំណូមពរ ដល់បងប្អូនអាជីវករដែលតាំងលក់ដូរលើចិញ្ចើមផ្លូវសាធារណៈនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់ដោយ ចាប់ពីថ្ងៃនេះតទៅ។ ការចុះរៀបចំនេះ គឺដើម្បីរៀបចំសោភ័ណ្ឌភាពនៅតាមកំណត់ផ្លូវជាតិលេខ២ ឲ្យបានស្អាតសមរម្យសាកសមជាទីក្រុងស្អាត មានសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងមានបរិស្ថានអនាម័យល្អប្រសើរ។ ពិសេសគឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅ មិនឲ្យមានការកក់ស្ទះបន្តទៀត និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានសង្ឃឹម និងជឿជាក់ថា បងប្អូនអាជីវករលក់ដូរលើផ្លូវសាធារណៈ និងចូលរួមសហការដោយស្ម័គ្រចិត្ដ ជាមួយអាជ្ញាធរបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានការណែនាំពីអាជ្ញាធរ បងប្អូនជីវករដែលបានដាក់តាំងលក់សម្ភារៈអីវ៉ាន់លើចិញ្ចើមផ្លូវសាធារណៈទាំងអស់ បានយល់ព្រមសហការជាមួយអាជ្ញាធរ ដោយបានស្ម័គ្រចិត្តយល់ព្រមបញ្ឈប់ការលក់រំលោភលើចិញ្ចើមផ្លូវសាធារណៈតទៅទៀត។







