(ខេត្តកណ្តាល)៖នៅថ្ងៃអាទិត្យ ៥រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះលោក ណុប រ័ត្ននិមល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកណ្តាលស្ទឹងខេត្តកណ្តាល បានដឹកនាំក្រុមការងារ នាំអំណោយជាម៉ូតូចំនួន ៣៥គ្រឿង ដែលជារង្វាន់លើកទឹកចិត្តប្រគល់ជូនគ្មួយៗសិស្សប្រឡងជាប់និទ្ទេស(អេ-A) ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើយោងតាមរបាយការណ៍របស់លោកអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថាៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គិតត្រឹមរយៈពេល ៤ឆ្នាំជាប់គ្នា នេះនៅក្នុងសម័យប្រឡងឆ្នាំ២០២១ នៅទូទាំងស្រុកមានសិស្ស ចំនួន៣នាក់/ស្រី ១នាក់ ទទួលបាននិទ្ទេស(អេ-A) នៅឆ្នាំ២០២២ សិស្សមានចំនួន៤នាក់/ស្រី ១នាក់ ទទួលបាននិទ្ទេស(អេ-A)នៅឆ្នាំ២០២៣ មានសិស្សចំនួន១៧នាក់/ស្រី ១៤នាក់ ទទួលបាននិទ្ទេស(អេ-A)នៅឆ្នាំ២០២៤ ទទួលបាននិទ្ទេស(អេ-A)មានចំនួន១៤នាក់/ស្រី ៨នាក់ ហើយនៅក្នុងសម័យប្រឡងឆ្នាំសិក្សា២០២៤-២០២៥នេះ មានសិស្សចំនួន៣៥នាក់ ប្រឡងជាប់និទ្ទេស(អេA) មានស្រី១៩នាក់។ សិស្សានុសិស្សទាំងនោះ ត្រូវបានលើកទឹកចិត្តពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវប៉ែន ចន្នី បានផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូនិងថវិកាយ៉ាងច្រើនជារៀងរាល់ឆ្នាំផងដែរ។
លោក ណុប រ័ត្ននិមល បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ពិសេសសិស្សជាប់និទ្ទេស(អេ-A)នាពេលនេះ គឺជាធនធានមនុស្សសម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកំណត់អាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារថែរក្សាពូនជ្រំសមិទ្ធផលជាតិ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិកម្ពុជាឲ្យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យក ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសចំណូលកម្រិតខ្ពស់។
លោក ណុប រ័ត្ននិមល ក៏បានថ្លែងអរគុណសន្តិភាព និងការរីកចម្រើននូវលើគ្រប់វិស័យទៅបាន លើវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព។ ប៉ុន្តែជាអកុសលនៅខែឧសភា ឆ្នាំ២០២៥ នេះដោយមានការជម្លោះបង្កឡើងដោយសត្រូវឈ្លានពានពីកងទព័ចោរសៀមមកលើបូរណភាពទឹកដីកម្ពុជាយើង នៅតំបន់មុំបី ខេត្តព្រះវិហារ និងបានរាលដាលតាមតំបន់មួយចំនួទៀត នៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យផងដែរ។
បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត នៃអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការដោះស្រាយបញ្ហាជម្លោះព្រំដែនដោយនយោបាយកាទូត សន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ។ លោក ណុប រ័ត្ននិមល បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់អប់រំនិងបង្រៀន ក្មួយៗសិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង និងបន្តខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍជាតិ និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង ត្រូវបន្តការចូលរួមថែរក្សាសុខសន្តិភាព ដែលកំពុងមានក្នុងពេលបច្ចុប្បន្ន ឲ្យបានគង់វងសម្រាប់កូនចៅជំនាន់ក្រោយ និងបន្តទទួលផ្លែផ្កាពីកត្តាសន្តិភាពដែលរកបានយ៉ាងលំបាកនេះ ហើយកុំជឿការញួសញុងពីក្រុមអគតិមួយចំនួនតូច ដែលមានបំណងបំប៉ែកបំបាក់ដល់សុខសន្តិភាពនៅកម្ពុជា។
លោក ណុប រ័ត្ននិមល បាននាំយកអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត តាមរយៈលោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឧបត្ថម្ភដល់សិស្សនិទ្ទេស(អេ-A)ចំនួន ៣៥នាក់ /ស្រី ១៩នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ ១គ្រឿង និងថវិកា ២០ម៉ឺនរៀល ជូនដល់សិស្សនិទ្ទេស(ប៊ី-B) ចំនួន ១២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល និទ្ទេស(សុី-C)ចំនួន ២៧៨នាក់ ម្នាក់ៗថវិកា ១០មុឺនរៀល និទ្ទេស(ឌី-D) ចំនួន ២៧៩នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល, និទ្ទេស(អឺ-E )ចំនួន ៩៧នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល និងសិស្សធ្លាក់ ចំនួន២៩នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល។ លោកគ្រូអ្នកគ្រូ ចំនួន ២៥៦នាក់ ក្នងម្នាក់ៗថវិកា១០មុឺនរៀល។
ដោយឡែកក៏បានឧបត្ថម្ភដល់សិស្សានុសិស្សប្រឡងបាក់ឌុបសាកល្បងចំនួន ១០នាក់ លេខ១ ចំនួន២នាក់ ក្នុងម្នាក់ ថវិកា៤០ម៉ឺនរៀល លេខ២ ចំនួន២នាក់ ក្នុងម្នាក់ ថវិកា៣០ម៉ឺនរៀល លេខ៣ ចំនួន២នាក់ ថវិកា២៥ម៉ឺនរៀល លេខ៤ ចំនួន២នាក់ ក្នុងម្នាក់ ថវិកា២០ម៉ឺនរៀល និងលេខ៥ ចំនួន២នាក់ ក្នុងម្នាក់ ថវិកា១៥ម៉ឺនរៀល ព្រមទាំងបាន ឧបត្ថម្ភរដ្ឋបាលស្រុកកណ្ដាលស្ទឹង ថវិកាចំនួន ២លានរៀល ក្រុមប្រឹក្សាស្រុកឃុំ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។







